ប្រទេស​ថៃ តម្រូវឱ្យ​អ្នក​ឆ្លងដែន​បង្ហាញ​កាត​ចាក់​វ៉ាក់សាំងកូវីដ-19

យោងតាម​អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ថៃ (CAAT) ប្រទេស​នេះ​នឹង​តម្រូវឱ្យ​ភ្ញៀវ​អន្តរជាតិ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​កូ​វីដ-19 គ្រប់គ្រាន់ មុនពេល​អនុញ្ញាត​ឱ្យចូល​ទឹកដី​នេះ ដោយសារតែ​ជឿថា នឹងមាន​ភ្ញៀវ​ចិន​ចូលមក​បន្ថែមទៀត។

អ្នកនាំពាក្យ​របស់ រាជរដ្ឋាភិបាល​ថៃ Traisuree Taisaranakul កាលពី​ថ្ងៃទី 08 មករា បានឱ្យដឹងថា ជើង​ហោះហើរ​ពាណិជ្ជកម្ម​ដំបូង​ពី ប្រទេស​ចិន មកកាន់ ប្រទេស​ថៃ របស់ Xiamen Airlines នឹងធ្វើ​ដំណើរ​ពី​តំបន់ Xiamen មកកាន់ បាងកក នៅ​ថ្ងៃទី 09 មករា ដោយ​ដឹក​អ្នកដំណើរ​ចំនួន 286 នាក់។

ដើម្បី​ត្រៀម​សម្រាប់​ការទទួល​ភ្ញៀវ​ពី ប្រទេស​ចិន ឡើងវិញ CAAT បញ្ជាក់ថា ចាប់ពី​ថ្ងៃទី 09 មករា ភ្ញៀវ​អន្តរជាតិ​ទាំងអស់​ដែល​ចូលមក ប្រទេស​ថៃ នឹង​ត្រូវបាន​ស្នើឱ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​កូវីដ-19​ ​គ្រប់គ្រាន់។ បើសិន​មិនមាន​កាត់​ចាក់​វ៉ាក់សាំង ពួកគេ​នឹងត្រូវ​តម្រូវឱ្យ​បញ្ជាក់ថា ខ្លួន​បានជា​ពី​ជំងឺ​កូ​វីដ-19 ក្នុង​រង្វង់ 6 ខែ។

ចំពោះ​ភ្ញៀវ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-19 គ្រប់គ្រាន់ ពួកគេ​ត្រូវតែ​បង្ហាញ​លិខិតបញ្ជាក់​សុខភាព​ដែល​បកស្រាយ​អំពី​​មូលហេតុ​ដែល​ខ្លួន​មិនទាន់បាន​ចាក់​វ៉ាក់សាំង នេះ​បើ​តា Reuters។

បច្ចុប្បន្ន CAAT ឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ទទួលខុសត្រូវ​ក្នុងការ​ពិនិត្យ​លិខិតស្នាម​នានា​មុនពេល​ភ្ញៀវ​ឡើង​យន្តហោះ។ ក្រសួងសុខាភិបាល​ថៃ ឱ្យដឹងថា ភ្ញៀវ​បរទេស​មកកាន់ ប្រទេស​ថៃ ពី​ប្រទេសមួយ​ដែល​តម្រូវឱ្យ​បញ្ជាក់​លទ្ធផល​ធ្វើតេស្ត RT-PCR អវិជ្ជមាន ត្រូវ​បង្ហាញ​បន្ថែម​នូវ​លិខិតបញ្ជាក់​ការ​ធានារ៉ាប់រង​សម្រាប់​ការព្យាបាល​​ជំងឺ​កូ​វីដ-19 មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ថៃ​។

ក្រៅពីនេះ រាល់​សំណើ​ទាក់ទង​នឹង​ការឆ្លង​ដែន​ចូលមក​ប្រទេស​ថៃ នឹងមិន​ត្រូវបាន​អនុវត្ត​ឡើយ ចំពោះ​អ្នកដំណើរ​ដែលមាន​លិខិតឆ្លងដែន​ថៃ ឬ​ភ្ញៀវ​ដែល​គ្រាន់តែ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​នេះ។

ចំពោះ​សុពលភាព​វិញ CAAT ឱ្យដឹងថា នឹង​បន្ត​អនុវត្ត​គោលការណ៍​ខាងលើ​យ៉ាងតិច​ត្រឹម​ចុងខែ​មករា 2023 ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ពី ប្រទេស​ចិន ក្រោយពី​ប្រទេស​នេះ​បើកទ្វារ​ព្រំដែន​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី 08 មករា 2023។ ការតម្រូវ​ឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​កាត់​ចាក់​វ៉ាក់សាំង​កូ​វីដ-19 ត្រូវបាន​រដ្ឋាភិបាល​ថៃ លុបចោល​តាំងពី​ខែ​តុ​លា 2022 ហើយ​ទើបតែ​ចាប់ផ្ដើម​អនុវត្ត​ឡើងវិញ ក្រោយពី ប្រទេស​ចិន បាន​បន្ធូរបន្ថយ​គោលការណ៍ Zero-Covid និង​បើកទ្វារ​ព្រំដែន​ជា​ថ្មី៕

Advertisement