អាជ្ញាធរ​​កម្ពុជា​​ ធ្វើ​​ពិធី​​ទទួល​​ស្វាគមន៍​​ទេសចរ​​ចិន​​ជើង​​ទី​មួយ​​នៅ​​ខេត្ត​​ព្រះ​សីហនុ

ទេសចរ​ជនជាតិ​ចិន​ជាង 100 នាក់ មកពី​ទីក្រុង Kunming តាម​យន្តហោះ​ជើង​ទីមួយ បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ 27 មករា​នេះ ក្រោយពី​ជើងហោះហើរ​ត្រង់​មក​ខេត្ត​ព្រះសីហនុ បាន​ខកខាន​ក្នុង​រយៈ​ពេល​ជា​យូរ ដោយសារ​វិបត្តិ​សុខភាព​សកល។

ក្រសួងទេសចរណ៍ តំណាង​ដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានធ្វើ​ពិធី​ទទួល​ស្វាគមន៍​ទេសចរ​ទាំងអស់​​ដែល​មក​ពី​ទីក្រុង Kunming នៃ​ខេត្ត​ Yunnan ភាគ​និរតី​ប្រទេស​ចិន នៅពេល​យន្តហោះ​បាន​ចុះចត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដោយមាន​ការសហការ​ពី​អាជ្ញាធរ​អាកាសចរណ៍​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ។

យោងតាម​ក្រសួងទេសចរណ៍ ការមកដល់​របស់​ភ្ញៀវ​ខាងលើនេះ គឺជា​ការ​ចុះចត​ជើង​ទីមួយ​សម្រាប់​ទេសចរ​ចិន​នៅ​ខេត្ត​ព្រះសីហនុ។ ក្រសួង​សង្ឃឹមថា នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មកកាន់​ ​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ៕

Advertisement