ត្រជាក់ភ្នែកជាមួយបឹងព្រលិតដ៏ស្រស់ត្រកាលនៅខេត្តឧដនថានី ប្រទេសថៃ

គេហទំព័រឡារ៉ែន សូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់ទៅកម្សាន្ដនៅរមណីយដ្ឋាន «បឹងព្រលិត» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគុមផៈវ៉ាពី ខេត្តឧដនថានី ក្នុងបរិវេណបឹងណងថាន ជាបឹងធម្មជាតិដ៏ធំជាងគេនៅក្នុងខេត្តមួយនេះ ដែលរួមមានធនធានធម្មជាតិជាច្រើនដូចជា ត្រីទឹកសាប សត្វស្លាបគ្រប់ប្រភេទ និងរុក្ខវារីដ៏ល្អស្រស់ត្រកាល។

តំបន់ទេសចរណ៍ធម្មជាតិច្នៃប្រឌិតដ៏ស្រស់ស្អាតមួយនេះ បានបង្កើតឡើងក្នុងអំឡុងខែធ្នូ ឆ្នាំ2016  ដែលសម្បូរទៅដោយមានផ្កាព្រលិតពណ៌ក្រហមខ្ចីដែលរីកស្គុះស្គាយពេញផ្ទៃបឹង ធ្វើឱ្យភ្ញៀវទេសចរមើលឃើញប្រៀបដូចជាសមុទ្រព័ណ៌ក្រហមខ្ចីក្នុងអំឡុងខែធ្នូ រហូតដល់ខែកុម្ភៈ លុះដល់ខែមិនា បរិមាណផ្កាព្រលិតត្រូវបានថយចុះវិញ។

ជារៀងរាល់ឆ្នាំ ប្រជាជនថៃបាននាំកូនចៅទៅកម្សាន្ដ ស្រូបយកខ្យល់ធម្មជាតិ និងចូលរួមកម្មវិធីបុណ្យផ្សេងៗជារៀងរាល់ឆ្នាំ។ នៅក្នុងមានរួមមានកម្មវិធីជាច្រើនដូចជា ការសម្ដែងរបស់សិស្សសាលា ការប្រកួតគូរគំនូរធម្មជាតិ និងរូបថតទេសភាពបឹងព្រលិត ការប្រកួតបវរកញ្ញាបឹងព្រលិត ការប្រកួតចម្រៀងស្រុកស្រែប្រុស-ស្រី ការប្រកួតតន្ត្រីកណ្ដាលបឹង ការប្រកួតរបាំ និងការប្រកួតស្នាដៃផលិតចំណីអាហារប្រចាំតំបន់ ភូមិមួយផលិតផលថ្មីទៀតផង។

 

ចំពោះការចូលទស្សនាតំបន់កម្សាន្ដបែបធម្មជាតិមួយនេះ លោកអ្នកត្រូវចំណាយប្រាក់ 40បាតទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដើម្បីទុកជាការជួយឧបត្ថម្ភផ្នែកអនាម័យ និងសម្អាតបរិស្ថានតំបន់ទេសចរណ៍មួយនេះ។ ប្រសិនបើលោកអ្នកចង់ជិះទូកកម្សាន្ដ ថតរូបលេងនៅកណ្ដាលបឹង ត្រូវចំណាយបន្ថែម 150បាតសម្រាប់ទូកមួយដែលអាចជិះបានពី 2 – 3នាក់ និង 600បាតសម្រាប់ទូកដែលអាចផ្ទុកមនុស្សបាន 6-10នាក់ ហើយការជិះទូកជិះកម្សាន្ដនេះត្រូវបានកំណត់ត្រឹមរយៈពេលតែ 1ម៉ោង ឬអាចបន្ថែមបាន 30នាទីទៀត។

គួរបញ្ជាក់ផងដែរថា ចំពោះពេលវេលាដែលផ្កាព្រលិតចាប់ផ្ដើមរីកបង្អួតសម្រស់គឺ ចាប់ពីម៉ោង 6ព្រឹក  ដល់ម៉ោង11ថ្ងៃត្រង់តែប៉ុណ្ណោះ លុះដល់ពេលរាងរសៀលបន្ដិច ផ្កាទាំងនោះនឹងចាប់ផ្ដើមរួមក្រពុំវិញ។ បើតាមការបញ្ជាក់របស់គេហទំព័រ Kapookបានឱ្យដឹងថា ក្នុងមួយថ្ងៃៗតំបន់ទេសចរណ៍ច្នៃប្រឌិតមួយនេះអាចរកចំណូលបានដល់ទៅរាប់លានបាតឯណោះ។ លោកអ្នកអាចទទួលទានអាហារថៃគ្រប់ប្រភេទនៅទីនោះ ឬយកអាហារទៅពិសាដោយខ្លួនឯងក៏បាន។ អ៊ីចឹង នៅចាំអីទៀត តោះទៅទស្សនាទាំងអស់គ្នា…៕

Advertisement