តោះ! ទៅកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតបំផុតនៅលើកោះភូកេត

ប្រសិនបើប្រិយមិត្តមានឱកាសបានធ្វើដំណើរកម្សាន្ដទៅកាន់កោះភូកេត និងមិនទាន់បានទស្សនាព្រះអាទិត្យពេលអស្ដង្គតទេនោះ ឡារ៉ែនសូមណែនាំតំបន់ទេសចរណ៍មួយកន្លែងដែលមានឈ្មោះថា «លែមភ្រំថេប ( แหลมพรหมเทพ )» ដែលអាចនិយាយបានថា ជាកន្លែងមើលព្រះអាទិត្យហៀបលិចដ៏ស្រស់ស្អាតបំផុតនាដែនឈូងសមុទ្រថៃ និងជាកន្លែងដែលសម្បូរបែបខាងអាហារសមុទ្រសម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់កោះភូកេតនេះ។ ទីនេះមានចម្ងាយប្រមាណជា 19គីឡូម៉ែត្រ ចេញពីទីក្រុងនៃកោះភូកេត វាមានឯកលក្ខណៈពិសេសដោយឡែកពីទីទួលខ្ពស់ពីទឹកសមុទ្រដទៃទៀត។

អត្តសញ្ញាណនៃទីតាំងនេះ គឺមិនមែនទឹកសមុទ្រ ឬដើមដូង និងឆ្នេរខ្សាច់ដ៏សក្បុសនោះទេ តែវាជាដើមត្នោតដែលដុះអមនៅលើទីទួលឆ្នេរសមុទ្រទៅវិញទេ។ ដូចលោកអ្នកបានដឹង និងឃើញហើយថា ដើមត្នោតភាគច្រើនតែងតែដុះនៅតាមទីជនបទក្នុងវាលស្រែខៀវខ្ចី តែនៅតំបន់ទេសចរណ៍ដ៏ប្លែកភ្នែកមួយនេះ បែរជាមានសុទ្ធតែដើមត្នោតដុះពាសពេញទីទួលឆ្នេរសមុទ្រទៅវិញ។

តំបន់ទេសចរណ៍ធម្មជាតិ លែមភ្រំថេប ត្រូវបានអ្នកស្រុកអ្នកភូមិបុរាណហៅថា លែមចៅ «แหลมเจ้า» ដែលហៅតាមជំនឿទាក់ទងនឹងរឿងព្រេងក្នុងតំបន់។ អ្នកទៅកាន់ទីនោះ មិនត្រឹមតែបានទស្សនា និងថតរូបពេលព្រះអាទិត្យហៀបអស្ដង្គតប៉ុណ្ណោះទេ ពួកគេនៅនិយមបន់ស្រន់ និងធ្វើពិធីតាមសាសនាទៀតផង។ ងាកមកខាងមុខឆ្នេរសមុទ្រវិញ យើងនឹងឃើញមានព្រះបរមចេតិយរបស់ព្រះមហាវិរក្សត្រថៃ ដែលបានគ្រងរាជ្យអស់រយៈកាល 50​ឆ្នាំ និងបានកសាងទីកន្លែងទេសចរណ៍មួយនេះឱ្យក្លាយជាឋានសួគ៌ាល័យទៀតផង។

កុំបាច់រៀបរាប់យូរ សូមទស្សនាឆ្នេរសមុទ្រ លែមភ្រំថេប ទាំងអស់គ្នា…តែសូមបញ្ជាក់ថា នៅកោះទេសចរណ៍ភូកេត គឺមានកន្លែងដើរកម្សាន្តជាច្រើនទៀត ដែលឡារ៉ែននឹងរៀបរាប់ជូននៅថ្ងៃក្រោយជាបន្ដបន្ទាប់៕

Advertisement