នៅចាំអីទៀត!! តោះ ទៅលេងកោះតៅ ទស្សនាសត្វនៅបាតសមុទ្រ!

ក្នុងអំឡុងខែមិថុនា ដល់ខែតុលានេះ ភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្ដនៅ កោះតៅ (เกาะเต่า) ព្រោះអាកាសធាតុនៅលើកោះត្រជាក់ និងមានខ្យល់អាកាសបរិសុទ្ធជាងអំឡុងពេលរដូវក្ដៅ។ កោះតៅ មានទំហំផ្ទៃដី 12,936 រ៉ៃ ជាកោះសំខាន់ ហើយស្អាតជាងគេក្នុងចំណោមកោះ 2ទៀត គឺកោះណាងយួន ( เกาะนางยวน ) និងកោះផៈង៉ាន់( เกาะพะงัน)។ លោកអ្នកត្រូវធ្វើដំណើរប្រមាណ 85គីឡូម៉ែត្រ ចេញពីទីក្រុងប៉ាកណាមឈុំឈុន ខេត្តសុរ៉ាតថានី។ បើលោកអ្នកធ្វើដំណើរចាកចេញពីក្រុងបាងកក ទៅកាន់កោះតៅ លោកអ្នកត្រូវទៅកាន់ស្ថានីយរថយន្ដឈ្នួលដែលតម្លៃមានលក្ខណៈជាកញ្ចប់ទាំងថ្លៃរថយន្ដ និងទូកប្រមាណជា 1,170 បាតសម្រាប់មនុស្សធំ និងកូនក្មេង 400បាត។ តើលោកអ្នកអ្នកត្រៀមខ្លួនហើយឬនៅ? បើរួចរាល់ហើយ…តោះ នាំគ្នាទៅស្គាល់ពីរឿងរ៉ាវសំខាន់ៗមុននឹងទៅលេងកោះតៅទាំងអស់គ្នា!។

មធ្យោបាយ​ធ្វើ​ដំណើរ​នៅលើ​កោះ

ការធ្វើដំណើរ​ទៅ​ណា​មក​ណា​នៅលើ​តំបន់​​​កោះ​តៅ​នេះ ​គឺ​ត្រូវ​ចំណាយ​ច្រើន ប្រសិន​បើ​យើង​មិន​ជួល​យានជំនិះ​ផ្សេងៗទេនោះ។ មិន​ថា​យើង​មិន​ថា​គេទេ នៅពេល​​​​ទៅ​ដល់​ទី​នោះ​ គឺត្រូវតែជួល​យានជំនិះ​ តែ​ភាគច្រើន​ជា​ម៉ូតូ ​ពីព្រោះ​វា​ងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំ​ពី​កន្លែង​មួយ ​ទៅ​កន្លែង​​មួយ។ សម្រាប់​ម៉ូតូ​ទាំងនោះ​មាន​តម្លៃ​ឈ្នួល​មិន​​ជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយមាន​តម្លៃ​ចាប់ពី 100​បាត ទៅ500បាត​សម្រាប់រយៈពេល​មួយ​ថ្ងៃ​។

​នៅក្នុង​ផ្ទៃទឹក​បាតសមុទ្រ

ការមុជទឹក​ចូល​ទៅក្នុង​បាតសមុទ្រ ​មិនមែន​ជា​ការងាយ​នោះ​ទេ​បើសិន​ជា​យើង​មិន​ចេះ​ហែល​ទឹក និង​មិន​មាន​ឧបករណ៍​ត្រឹមត្រូវ​ ពីព្រោះ​សកម្មភាព​ទាំងនេះ​ គឺ​ត្រូវមាន​បច្ចេកទេស​មុជ​ទៅ​ជ្រៅក្នុង​ទឹកសមុទ្រ​ដើម្បី​ទស្សនា​សត្វសមុទ្រ​ ដូចជា​ត្រីសមុទ្រ ​និងផ្កាថ្ម ​ជាដើម។ អ្នក​ដែល​មិនមាន​បទពិសោធក្នុង​ការមុជ​មើល​សត្វសមុទ្រ​នឹង​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង​រន្ធត់​ជា​ខ្លាំង​នៅពេល​ដែល​ឃើញ​សត្វ​ទាំងនោះ​មាន​ចលនា​នៅក្នុង​ទឹក​សមុទ្រ​ជ្រៅ។

នៅលើ​ឆ្នេរខ្សាច់កោះ​តៅ

នៅ​ថ្ងៃ​ឈប់​សម្រាក នៅលើតំបន់​មាត់ឆ្នេរ​សម្បូរ​ទៅ​ដោយ​ជនជាតិ​បរទេស​ស្បែកស​គេង​ហាលថ្ងៃ​ជាច្រើន​ ដើម្បី​ធ្វើឱ្យ​សម្បុរស្បែករបស់ពួកគេដូចជនជាតិ​អាស៊ី​។ នៅលើ​ឆ្នេរសមុទ្រ​ទាំង​របស់សាធារណៈ និង​ឯកជន ​យើង​អាចគេង​ហាលថ្ងៃ​នៅលើ​វាលខ្សាច់​ពណ៌ស​ស្អាត​ អាន​សៀវភៅ ឬ​ចុះ​ងូត​ក្នុង​ទឹកថ្លា​ពណ៌​ទឹកសមុទ្រ និង​ញុំា​អាហារ ឬ​ភេសជ្ជៈយ៉ាងមានសេចក្ដីសុខ។

នៅពេល​ព្រលប់

នៅពេល​ព្រលប់ ​បន្ទាប់ពី​គេង​ហាល​ថ្ងៃ មុជទឹក​មើល​សត្វ​សមុទ្រ ងូតទឹក​នៅ​តាម​ឆ្នេរសមុទ្រ​នានារួចហើយ ​យើង​សង្កេត​ឃើញ​ថា ​ភ្ញៀវទេសចរ​បាន​ដើរ​នៅ​តាម​ដងផ្លូវ​ជាច្រើន​តម្រង់​ទៅ​ភោជនីយដ្ឋាន​តាម​មាត់ឆ្នេរ​ដើម្បី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ទៅ​តាម​ចំណង់ចំណូលចិត្ត។ យើង​អាច​ចេញ​ទៅ​ញុំា​អាហារ​ពេល​ល្ងាច​នៅ​តាម​ភោជនីយដ្ឋាន​លើ​ឆ្នេរសមុទ្រ​ស្តាប់​សំឡេង​រលកទឹកសមុទ្រ​ជាមួយ​ខ្យល់​ធម្មជាតិ មើល​របាំ​គ្រវី​ភ្លើង​​នៅលើ​វាលខ្សាច់ ហើយ​យើង​អាច​រីករាយ​ជាមួយ​នឹង​ការភ្លក្ស​ស្រាក្រឡុក និង​ការលេងភ្លេង​តន្ត្រី​ផ្ទាល់​នៅ​ទីនោះ​ទៀតផង​។

ការស្នាក់នៅ​លើ​​កោះ​តៅ

​សម្រាប់​តម្លៃ​ស្នាក់អាស្រ័យ​នៅក្នុង​​វីឡា​ដែល​មាន​ បន្ទប់គេង 2​បន្ទប់មាន​បន្ទប់ទឹក ចង្រ្កោនបាយ អាងហែលទឹក និង​សួនច្បារ​នៅ​ជុំវិញ​នោះ គេត្រូវ​ចំណាយ​ចាប់ពី 3,000​​​បាត  ​ទៅ3០,០០០ បាត។ តែសម្រាប់​បន្ទប់​ជួលនៅ​តាម​ឆ្នេរ​ឯកជន​មួយ​ចំនួនវិញ ​គឺ​មាន​តម្លៃ​ទៅ​ដល់ 75,០០០ ​បាតក្នុង​មួយ​យប់​ក៏​មានដែរ។ ក្រៅពី​នេះ​ ​​នៅ​មាន​បន្ទប់​ដែល​មាន​តម្លៃ​ចាប់ពី​ 6០០បាត ទៅ​ដល់ 1,០០០បាត​ដែរ ប៉ុន្តែ​វា​​ស្ថិត​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ និង​ទីប្រជុំជនបន្ដិច៕

Advertisement