ចូលឆ្នាំចិន 3ថ្ងៃ ហេតុអ្វីខេត្តព្រះសីហនុ ទទួលបានកំណើនទេសចរគួរឱ្យកត់សម្គាល់បែបនេះ?

ក្នុងរយៈពេល3ថ្ងៃនៃពិធីចូលឆ្នាំចិន ឆ្នាំនេះ (2020) គេបានកត់សម្គាល់ឃើញថា កំណើននៃភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្នាក់នៅក្នុងខេត្តព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់។

កាលពីថ្ងៃទី26 មករា ម្សិលមិញ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹះស្នា បានថ្លែងថា ក្នុងអំឡុងពេល 3ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំចិន គឺចាប់ពីថ្ងៃទី24 ដល់ទី26 មករា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ មានប្រមាណ 87,000នាក់កើនឡើង 24.52% បើប្រៀបធៀបនឹងឆ្នាំ2019 ដែលមានភ្ញៀវត្រឹមតែ 70.480នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានប្រមាណ 74,495នាក់ កើនឡើង 67.17% បើធៀបនឹងឆ្នាំ2019 ដែលមាន 44.560នាក់។

តាមការសន្និដ្ឋានរបស់ភ្ញៀវទេសចរដែលបានទៅកាន់ទីនោះ បានឱ្យដឹងថា ការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ អាចដោយសារសកម្មភាពវិជ្ជមាននានាក្នុងតំបន់ បន្ទាប់ពីឯកឧត្តម គួច ចំរើន បានចូលមកដឹកនាំខេត្តព្រះសីហនុ។

ម្យ៉ាងវិញទៀត ការកើនឡើងនៃវត្តមានទេសចរក្នុងស្រុកនៅខេត្តនេះ ក៏អាចជាប់ទាក់ទិននឹងការបិទកាស៊ីណូរាប់សិបកន្លែងនៅក្រុងព្រះសីហនុផងដែរ ព្រោះថា ការបិទកាស៊ីណូនេះ បានធ្វើឱ្យវត្តមានជនជាតិបរទេសថយចុះ ជាពិសេសអ្នករកស៊ី និងបុគ្គលិកជាជនជាតិចិនដែលពួកគេមានប្រាក់ច្រើន ហ៊ានទិញទំនិញ និងសេវាកម្មថ្លៃៗ។

នៅពេលអ្នករកស៊ី និងអ្នកទេសចរជនជាតិចិនវិលត្រឡប់ទៅស្រុកវិញ (បន្ទាប់ពីរាជរដ្ឋភិបាលប្រកាសបិទកាស៊ីណូអនឡាញ) ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ជាដើម ត្រូវបានប្រគល់មកម្ចាស់ដើមដែលជាពលរដ្ឋក្នុងស្រុកវិញ។ ការដែលបងប្អូនជនជាតិចិនភាគច្រើនបានវិលទៅស្រុកវិញបែបនេះ ធ្វើឱ្យម្ចាស់ហាងទំនិញ ភោជនីយដ្ឋាន ឬម្ចាស់ផ្ទះសំណាក់ទាំងនោះ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃទំនិញ អាហារ និងសេវាកម្មរបស់ខ្លួនឱ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺ អតិថិជនភាគច្រើនរបស់ពួកគេ ពេលនេះគឺជាភ្ញៀវក្នុងស្រុក មិនមែនអតិថិជនជាជនជាតិចិនដូចមុនទេ នេះ​បើ​តាមសម្ដី​លោក ​រតនា ប្រធាន​ផ្សារ​ទំនើប​មួយ​នៅ​ភ្នំ​ពេញ។

ការបញ្ចុះតម្លៃទំនិញ ឬសេវាកម្មដូចខាងលើនេះហើយ ដែលនាំឱ្យភ្ញៀវក្នុងស្រុកមួយចំនួនធំគិតថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងវិលត្រឡប់ទៅដូចកាលពីបណ្ដាឆ្នាំមុនៗ ដែលមិនទាន់មានវត្តមានបងប្អូនជនជាតិចិនច្រើន។ ការគិតបែបនេះហើយ ដែលធ្វើឱ្យពួកគេ (ភ្ញៀវជាតិ)សម្រេចចិត្ត វិលមកស្នាក់នៅ និងដើរលេងកម្សាន្តនៅខេត្តនេះឡើងវិញ ព្រោះពួកគាត់គិតថា ទំនិញ ឬសេវាកម្មនានា មានតម្លៃទាបដូចដើម។

កត្តាសំខាន់មួយទៀតដែលភ្ញៀវទេសចរមួយចំនួនគិតថា មានជាប់ទាក់ទិននឹងការកើនឡើងនៃភ្ញៀវក្នុងស្រុកដែរនោះគឺ សន្តិសុខ និងសណ្ដាប់ធ្នាប់។ នៅក្នុងឆ្នាំ2019 នៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមជាដើម គេតែងបានឃើញអំពើចោរកម្ម និងឧក្រិដ្ឋកម្មជាច្រើនកើនឡើងនៅខេត្តព្រះសីហនុ ដូចជា អំពើចាប់ជំរិតមនុស្ស អំពើឆក់ប្លន់ អំពើហិង្សា​​តាម​​ទីសាធារណៈ​ អំពើឆបោកជាដើម ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ បន្ទាប់​ពីមានការបិទកាស៊ីណូ និងការភ្នាល់ល្បែងតាមអ៊ីនធើណិតរាប់សិបកន្លែងមក អំពើខុសច្បាប់ដែលបានរៀបរាប់ខាងលើ បានស្ងប់ស្ងាត់ទៅវិញគួរឱ្យកត់សម្គាល់។ នេះជាកត្តាមួយដែលហាក់ដូចជាការធានាដល់ភ្ញៀវដែលនឹងមកកម្សាន្តខេត្តព្រះសីហនុ។

ជាងនេះទៀត មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុនឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្ត នៅឆ្នាំ2021 ខាងមុខនេះ បន្ទាប់ពីផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងខេត្ត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ៕

Advertisement