ទស្សនា​ទិដ្ឋ​ភាព​ខាង​ក្នុង​នាវា​ទេសចរណ៍​ ដែល​ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែកដោយ​សារ​តែ​…

ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក សកម្ម​ភាពកម្សាន្ត​​នៅ​កន្លែង​រួម​​ទាំង​អស់​លើ​នាវា​ ទេស​ចរ​ណ៍​ Diamond Princess ក៏​ត្រូ​វ​បាន​លុប​ចោល​។

នាវា​ទេសចរណ៍​យក្ស ឈ្មោះ​ Diamond Princess ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​លើ​ផ្ទៃ​សមុទ្រ​នៃ​ទីក្រុង​ Yokohama ក្បែរ​រាជ​ធានី​ Tokyo ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃទី​4កុម្ភៈ បន្ទាប់​ពី​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​នៅ​លើ​នាវា​ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19។ មក​ដល់​ថ្ងៃទី​17កុម្ភៈ មាន​អ្នក​ផ្ទុក​មេរោគ​នេះ យ៉ាង​តិច​454នាក់ ក្នុង​ចំណោម​អ្នក​ទេសចរ ​3,700នាក់ រួម​ទាំង​​បុគ្គលិក​នាវា​។ មុន​នោះ នាវា​ទេស​ចរណ៍​នេះ ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទេស​ចរណ៍​តាម​សមុទ្រ​ចំនួន​14ថ្ងៃ​​ ក្នុង​អំឡុង​រដូវ​បុណ្យ​ចូល​ឆ្នាំចិន​។
នៅ​ពេល​នាវា​ Diamond Princess នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក អ្នក​ទេសចរ​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​អស់​របស់​ខ្លួន សម្ងំ​នៅ​ក្នុង​បន្ទប់​។ ប៉ុន្តែ មិន​មែន​បន្ទប់​ណា​ក៏​មាន​បង្អួច​នោះ​ដែរ។ បន្ទប់​ធំ​បំផុត​មាន​ទំហំ​86ម៉ែត្រ​ក្រឡា និង​បន្ទប់​តូច​បំផុត​មាន​ទំហំ​ប្រហែល​14ម៉ែត្រ​ក្រឡា និង​បំពាក់​ដោយ​សម្ភារ​គ្រប់​ប្រភេទ រួម​ទាំង​បន្ទប់​ទឹក​ធំទូលាយ។ល។

អ្នក​ទេសចរ​អាច​មើល​ភាព​យន្ត​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ​​ TV ក្នុង​បន្ទប់​របស់​ពួកគេ​ផ្ទាល់​…មេចុង​ភៅ​ទាំង​អស់​នៅ​តែ​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​នាវា​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​នៅ​តាម​បន្ទប់​នីមួយ​ៗ ជាមួយ​នឹង​បញ្ជី​មុខ​ម្ហូប​ប្ដូរ​ផ្លាស់​រាល់​ថ្ងៃ​។

ក្នុង​អំឡុង​ពេល​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ភ្ញៀវ​ទាំង​អស់​មិន​អាច​ប្រើ​ប្រាស់​កន្លែង​កម្សាន្ត​រួម​នៅ​លើ​នាវា​នោះ​ទេ។ ប៉ុន្តែ ពួកគេ​អាច​ដើរ​នៅ​លើ​ដំបូល​នាវាដើម្បី​លំហែ​កាយ ទៅ​តាម​ការ​ចាត់​ចែង​របស់​ភាគី​នាវា ដោយ​ផ្ដល់​អាទិភាព​ឱ្យ​អ្នក​ទេសចរ​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែល​មិន​មាន​បង្អួច​។

នាវា​នេះ​ មាន​18ជាន់ ហើយ​ជាន់​នីមួយ​ៗ ត្រូវ​បាន​តុប​តែង​ទៅ​តាម​ប្រធាន​បទ​នៃ​មហា​សមុទ្រ​នីមួយ​ៗ។

ចាប់​ពី​ជាន់​ទី​5 ដល់​ទី​7 គឺជា​កន្លែង​ដែល​មាន​សកម្មភាព​រស់​រវើក​បំផុត​។ Grand Plaza ស្ថិត​នៅ​លើ​ជាន់​ទី​6 និង​ទី​7 ជា​កន្លែង​ដែល​ប្រធាន​នាវា​បង្ហាញ​ខ្លួន​ក្នុង​ពិធី​ជប់​លៀង​ធំៗ។ សកម្ម​ភាព​ទាំង​នេះ ត្រូវ​បាន​ផ្អាក​បណ្ដោះ​អាសន្ន​ក្នុង​ពេល​មាន​វិបត្តិ​សុខ​ភាព​កូរ៉ូណា​។

ស្នាដៃ​សិល្បៈ​ទាំង​ឡាយ​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​បន្ទប់​ធំមួយ​នៅ​លើ​នាវា​ ដើម្បី​ឱ្យ​ភ្ញៀវ​ទស្សនា ឬ​ទិញ​ដោយ​ការ​លក់​​ដេញ​ថ្លៃ​។

នាវា​នេះ មាន​ភោជនីយដ្ឋាន ហាង​កាហ្វេ ​និងបូហ្វេ​ចំនួន​14កន្លែង​ ដោយ​មាន​អាហារ​ច្រើន​ប្រភេទ និង​សម្បុរ​បែប​​។ ប៉ុន្តែ ពេល​នេះ ភ្ញៀវ​ទេសចរ​បាន​ត្រឹម​តែ​ហូប​អាហារ​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

នាវា​​ប្រវែង​290ម៉ែត្រនេះ ត្រូវ​បាន​សាង​សង់​ឡើង​ដូច​ទៅ​នឹង​ទី​ក្រុង​អណ្ដែត​ដូច្នោះ​ដែរ។ ជាន់​ខាង​លើ​បង្អស់ គឺ​ជា​កន្លែង​ដែល​ភ្ញៀវ​លំហែ​កាយ​ នៅ​ក្បែរ​អាង​ហែល​ទឹក បារ និង​រោង​ភាព​យន្ត​នៅ​ខាង​ក្រៅ​។

នាវា​យក្ស​ផ្កាយ​5នេះ​ ក៏​មាន​អាង​ទឹក​ក្ដៅ​បែប​ជប៉ុន​ផងដែរ​។ បន្ទប់​ងួត​ទឹក​ Izumi ដ៏​ធំ​ នៅ​ផ្នែក​ខាងក្រោយ​នៃ​នាវា​ និង​ស្ថិត​នៅ​ជាន់​ទី​15 ដែល​មាន​បន្ទប់​ដាច់​ដោយ​ឡែកជា​ច្រើន​​ និង​អាច​គយ​គន់​ទេស​ភាព​នៃ​សមុទ្រ​ដ៏ធំ​ល្វឹង​ល្វើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement