ទិដ្ឋ​ភាព​ខាង​ក្នុង​នាវាទេសចរណ៍​ MS Westerdam ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ

MS Westerdam នៅ​តែ​ចតនៅ​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយ​មិន​ទាន់​ដឹង​ថា នឹង​ចាកចេញ​ពី​ទីនេះ​នៅ​ពេលណា​ឱ្យ​ប្រាកដនោះ​ទេ​ ខណៈ​ដែលសមាជិក​​ក្រុម​នាវិក​ជា​ច្រើន​នាក់ បាន​ចាក​ចេញ​ពីនាវា​ ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

នាវា​ទេស​ចរណ៍​លំដាប់​កំពូល​ MS Westerdam ដឹក​អ្នក​ទេស​ចរ​ចំនួន1,455នាក់ និង​បុគ្គលិក​នាវា​ចំនួន​802នាក់ បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោល​ដៅ​ច្បាស់​លាស់ បន្ទាប់​ពី​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ចត​ក្នុង​កំពង់​ផែ​នៅ ហ្វីលីពីន តៃ​វ៉ាន់ កូរ៉េខាងត្បូង និង​ប្រទេស​ថៃ ដោយ​សារ​បារម្ភ​អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19។

ថ្ងៃ​ទី​13កុម្ភៈ ឆ្នាំ​2020 នាវា​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ហើយ​មក​ដល់​ពេល​នេះ នាវា​នេះ​នៅ​តែ​ចត​នៅ​ទី​នោះ ដោយ​មិន​ទាន់​ដឹង​អំពី​ថ្ងៃ​ដែល​ត្រូវ​ចាក​ចេញ​។ អ្នក​ទេសចរ​ជាង​600នាក់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​នាវា​ ត្រឡប់​ទៅ​ផ្ទះ​ពួកគេ​វិញ​ ក្នុង​នោះ​មាន​អ្នក​ទេស​ចរ​ម្នាក់​អាយុ​82ឆ្នាំ​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ដែល​បច្ចុប្បន្ន​ទទួល​ការ​ព្យា​បាល​នៅ​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​អ្នក​ទេស​ចរ​មួយ​ចំនួន​ធំ កំពុង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​លើ​នាវា​ MS Westerdam នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ។

MS Westerdam គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​កប៉ាល់​ទេសចរណ៍​ Holland America ។ នាវា​នេះ​មាន​ប្រវែង​ប្រហែល​290ម៉ែត្រ និង​មាន​​11ជាន់​ អាច​ផ្ទុក​អ្នក​ទេសចរ​បាន​​ជិត​2,000នាក់។ នៅ​លើ​នាវា​នេះ មាន​សាល​សម្រាករង់ចាំ​ធំៗ​ចំនួន​14 អាង​ហែល​ទឹក​3 អាង​ទឹក​ក្ដៅ​5 និង​ជណ្ដើរ​ប្រអប់​ចំនួន​14។

អាង​ទឹក​ក្ដៅ​លើ​នាវា​មាន​ប្រព័ន្ធ​ដំបូល​កញ្ចក់​ស្វ័យ​វត្ត​ អាច​បិទ​បើក​តាម​ចិត្ត និង​អាច​ងូត​ទឹក​គ្រប់​ពេល​ មិន​ថា​អាកាស​ធាតុ​បែប​ណានោះ​ទេ​។

MS Westerdam មាន​បន្ទប់​កាប៊ីន​ចំនួន​959 ក្នុង​នោះ​បន្ទប់​ប្រភេទ​ធម្មតា​មាន​ទំហំ​មធ្យម​ពី​14-21ម៉ែត្រក្រឡា បន្ទប់​លំដាប់​ប្រណិត​ទំហំ​ប្រហែល​ចាប់​ពី​33-66ម៉ែត្រក្រឡា។ បន្ទប់​នីមួយ​ៗ​សុទ្ធ​តែត្រូវ​បាន​បំពាក់​សម្ភារ​ទំនើប​ៗ​គ្រប់​ប្រភេទ​ ក្នុង​នោះ​មាន​គ្រែ​ឆ្លាត​វៃ​ដែល​អាច​បំបែក ឬ​ភ្ជាប់​តាម​ចិត្ត​ចង់​ រួម​ទាំង​កម្រាល​ព្រំ​ប្រភេទ​ប្រណិត​។ល។

បន្ទប់​លំដាប់​ប្រណិត​បំផុត​គឺ Pinnacle Suite ដែល​មាន​ទំហំ106ម៉ែត្រ​ក្រឡា និង​មាន​រាន​ហាល​ដ៏ធំទូលាយ មាន​ដាក់​អាង​សម្រាប់​ងូត​ទឹក​ផងដែរ។

កន្លែង​កម្សាន្ត​រួម​នៅ​លើ​នាវា​នេះ មាន​ច្រើន​ប្រភេទ​ ចាប់​ពី​ឆាក​ប្រគំតន្ត្រី ផ្សារ​ទំនើប កន្លែង​ស្ប៉ាដែល​អាច​គយ​គន់​ទិដ្ឋ​ភាព​សមុទ្រ រហូត​ដល់​មាន​កន្លែង​រៀន​ធ្វើ​ម្ហូបបែប​កម្សាន្ត កន្លែង​ឧទ្ទេស​នាម​តំបន់​ដែល​ត្រូវ​ទៅ​កម្សាន្ត​បន្ទាប់​ និង​សាល​សម្រាប់​ពិធី​ជប់​លៀង​។ល។

ក្នុង​អំឡុង​ពេល​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ចូល​ចត​ក្នុង​កំពង់​ផែ​ នាវា​ទេសចរណ៍​នៅ​តែ​មាន​សកម្ម​ភាព​ដូច​ធម្មតា​ ប៉ុន្តែ ភាគី​ខាង​នាវា​តែង​តែ​ក្រើន​រំឭក​ភ្ញៀវ​ឱ្យ​តាម​ដាន​សុខ​ភាព​របស់​ខ្លួន​ជា​ប្រចាំ។ នៅ​ក្នុង​រូប​ថត​នេះ គឺជា​ហាង​បារ​មួយ​ដែល​ត្រូវ​បាន​ថត​ដោយ​ភ្ញៀវ​ម្នាក់​ក្នុង​អំឡុង​មិន​ទាន់​ចូល​ចត​ក្នុង​កំពង់​ផែ។

អ្នក​ទេស​ចរ​មាន​ជម្រើស​ច្រើន​​ពេល​ទទួល​ទាន​អាហារ​នៅ​លើ​នាវា​នេះ ដោយ​វា​មាន​បន្ទប់​អាហារ​ធំជាង​គេ​នៅ​លើ​ជាន់​ទី​2 និង​ទី3 ដែល​មាន​បម្រើ​​អាហារ​ប៊ូហ្វេត៍​ពេល​ព្រឹក ពេល​ថ្ងៃ​ត្រង់ និង​ពេល​ល្ងាច ផ្គង់​ផ្គង់​ដោយ​បណ្ដា​​ភោជនីយ​ដ្ឋាន​អាស៊ី Lido ភោជនីយដ្ឋាន​អ៊ីតាលី Slice និង Canaletto រួម​នឹង​ភោជនីយដ្ឋាន​គ្មាន​អ្នក​បម្រើ​ Terrace Grill នៅ​ជាន់​ទៅ​9 និង​ហាង​កាហ្វេ​ Explorations នៅ​ជាន់​ទី​10។

លេចធ្លោជាង​គេ​ គឺ​ភោជនីយដ្ឋាន Pinnacle Grill ដែល​យក​តាម​ស្ទីល​ fine dining នៅ​ជាន់​ទី2 តម្លៃ​ចាប់​ពី​39ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ សម្រាប់​អាហារ​ពេល​យប់មួយ​ពេល​​។

សេវា​កម្ម​ស្ប៉ា​នៅ​លើ​នាវា​នេះ ក៏​សម្បូរ​បែប ក្នុង​នោះ​មាន​កញ្ចប់​ម៉ាស្សា​ ឬកាត់​សក់​ជា​ច្រើន​ប្រភេទ។ ដើម្បី​ជួយ​ឱ្យ​អ្នក​ទេស​ចរមាន​សុខ​ភាព​ល្អ នាវា​ក៏​មាន​បន្ទប់​ហាត់ប្រាណ​ដែល​មាន​ការ​បង្រៀន​​លំហាត់​ប្រាណ​បែប aerobic និង​ pilates ឬ​ yoga ជាដើម។ នេះ​បើ​តាម Sea Scanner។

អំពី​តម្លៃ​វិញ សម្រាប់​ដំណើរ​ទេសចរណ៍​ទៅកាន់​កូរ៉េខាង​ត្បូង-ជប៉ុន​ តាមរយៈនាវា​នេះ មាន​តម្លៃ​ចាប់​ពី​1,600​ដុល្លារ​អាមេរិករយៈ​ពេល​14យប់ ក្នុង​​មនុស្ស​ម្នាក់​ និង​សម្រាប់​បន្ទប់​គ្រែ​ពីរ​មួយ​បន្ទប់។ ដំណើរ​ទៅ​កាន់​ជប៉ុន-រុស្ស៊ី​ អាច​មាន​តម្លៃ​ដល់​7,500​ដុល្លារ​អាមេរិក៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement