រដ្ឋមន្ត្រី​ទេសចរណ៍​ផ្សព្វផ្សាយ​វិធានការ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងទេសចរណ៍​ជូន​ដល់​បុគ្គលិក​និយោជិត​ និង​មគ្គុទ្ទេសក៍​នៅ​សៀមរាប​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​ COVID​-19​

(សៀមរាប)៖ ក្រសួងទេសចរណ៍បានរៀបចំការផ្សព្វផ្សាយវិធានការទាំង 7ចំណុច របស់រាជរដ្ឋាភិបាលជុំវិញដំណោះស្រាយគាំទ្រវិស័យទេសចរណ៍ ជូនដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ដែលរងផលប៉ះពាល់ដល់ការងារ និងមុខរបររបស់ខ្លួន ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដែលបណ្ដាលឱ្យភ្ញៀវទេសចរនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកមានការធ្លាក់ចុះ។

ពិធីផ្សព្វផ្សាយវិធានការខាងលើនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររីជេនស៊ីអង្គរ នាថ្ងៃទី០2 ខែមីនា ឆ្នាំ2020 ដើម្បីឱ្យបុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប បានយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្ដែងជុំវិញបញ្ហាជំងឺ Covid-19 ដែលកម្ពុជាមិនទាន់ករណីឆ្លងជំងឺនេះទៀតនោះឡើយ បន្ទាប់ពីកើតមានលើភ្ញៀវទេសចរចិនតែម្នាក់គត់ (ត្រូវបានព្យាលបាលជាសះស្បើយដោយជោគជ័យ) ព្រមទាំងលើកទឹកចិត្តឱ្យពួកគេខិតខំបំប៉នសមត្ថភាពក្នុងកាលៈទេសៈនេះ កុំមានការព្រួយភ័យពីការបាត់បង់ការងារ និងមុខរបររបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអាន និងពន្យល់វិធានការរបស់រាជរដ្ឋាភិបាលទាំង 7ចំណុចនោះដូចតទៅ៖

*ទី1៖ លើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ (រដ្ឋទទួលបន្ទុកពន្ធជំនួស) ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ2020។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ-អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

*ទី2៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្2020 ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។

*ទី3៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ2020 ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាលឱ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

*ទី4៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

*ទី5៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (2020) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

*ទី6៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ 1ថ្ងៃ អាចចូលមើលបាន 2ថ្ងៃ សំបុត្រសម្រាប់ 3ថ្ងៃ អាចចូលមើលបាន 5ថ្ងៃ និងសំបុត្រសម្រាប់ 7ថ្ងៃ អាចចូលមើលបាន 10ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅបន្ថែមនៅកម្ពុជា។

*ទី7៖ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។​ ចំណុចនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តអោយ មគ្គុទេសក៍ទេសចរណ៍ យើងចូលរួមឧទ្ទេសនាមដល់ក្រុមភ្ញៀវទេសចរក្នុងស្រុកអោយបានល្អ ដែលការងារនេះមគ្គុទេសក៍ទេសចរណ៍យើង នឹងទទួលបានកម្រៃសមរម្យផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកជាគំនិតយោបល់ថា ក្នុងពេលមិនសូវមានភ្ញៀវទេសចរដូចនេះ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ដែលចង់ជួសជុលទីតាំងរបស់ខ្លួន អាចឆ្លៀតពេលនេះអនុវត្តផែនការរបស់ខ្លួន លុះដល់នៅពេលមានភ្ញៀវទេសចរច្រើនមកវិញ កន្លែងរបស់ពួកគេត្រូវបានរៀបរយហើយស្រេច។

ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខាងលើកុំមានការអស់សង្ឃឹម ឬភ័យព្រួយថាខ្លាចបាត់បង់ការងារ និងមុខរបររបស់ខ្លួនដោយសារតែមានវិបត្តិជំងឺ Covid-19 នេះ ហើយសូមជឿជាក់ និងចូលរួមអនុវត្តវិធានការទាំង 7ចំណុចជាមួយរាជរដ្ឋាភិបាល ដើម្បីសាមគ្គីគ្នាជម្នះឧបសគ្គនេះឱ្យបាន។

ពិសេសលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវយ៉ាងទទួចដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេស សូមកុំចូលរួមផ្សព្វផ្សាយ ឬចែកចាយព័ត៌មានបំភ្លៃបំភ្លើសមិនពិតពាក់ព័ន្ធនឹងជំងឺ Covid-19 នេះតទៅទៀត ពីព្រោះវាមិនបានធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទទួលបានផលចំណេញអ្វីឡើយ ផ្ទុយទៅវិញវារឹតតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈហេតុការណ៍ឆ្លងជំងឺនៅក្នុងប្រទេសកម្ពុជាមិនបានកើតមានពិតជាក់ស្ដែងនោះឡើយ៕

ប្រភព៖ ក្រសួងទេសចរណ៍

Advertisement