រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បង្ហាញដំណោះស្រាយ លើផលប៉ះពាល់វិស័យទេសចរណ៍ក្នុងតំបន់

រដ្ឋមន្រ្តីក្រសួងទេសចរណ៍  បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពី ផលប៉ះពាល់នៃជំងឺកូវីដ-19 លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង 10ប្រទេស និងអគ្គលេខាធិការអាស៊ាន តាមរយៈប្រព័ន្ធ(Video Conference) កាលពីព្រឹកថ្ងៃទី29 ខែមេសា ឆ្នាំ2020។ នេះបើ​តា​ម​ហ្វេ​ស​ប៊ុ​ក​ក្រ​សួ​ង​ទេសចរណ៍។

ឯកឧត្ដមបណិ្ឌត ថោង ខុន បានថ្លែងថា  ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍ អាស៊ាននៅ ឆ្នាំ2021 ខាងមុខ (ATF 2021) និងក្នុងអាណត្តិរបស់ខ្លួនជា ប្រធានដឹកនាំវិស័យទេសចរណ៍ អាស៊ានឆ្នាំ2020  ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើងក្នុងគោលបំណងពិភាក្សា រកដំណោះ ស្រាយ អំពីវិបត្តិកូវីដ-19 លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំក៏បានចែករំលែកបទពិសោធ ការអនុវត្តល្អៗស្ដីពីវិធានការទប់ស្កាត់កូវីដ-19 និង ផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយ សង្គ្រោះ វិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះ ស្រាយវិបត្តិ (Mitigation Phase) ឬ ដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារ ឡើងវិញបន្ទាប់ ពី វិបត្តិកូវីដ-19 ( Post Covid-19 Crisis Recovery Plan)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានសម្រេចដាក់ចេញនូវសេចក្តីប្រកាសរួម រំលេចអំពីលទ្ធ ផល នៃកិច្ចប្រជុំពិសេស ដោយផ្ដោតលើចំណុចសំខាន់ៗដូចជា៖

1- ជំរុញការសម្របសម្រួលរបស់ អាស៊ានក្នុងការពន្លឿនការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាព ទាក់ទងនឹងការធ្វើដំណើរ និងវិធានការ ចាំបាច់នានា ដែលអនុវត្តដោយរដ្ឋជាសមាជិក អាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការរីករាលដាល នៃវីរុសកូវីដ-19 តាមរយៈ ប្រតិបត្តិការកាន់តែសកម្មឡើង របស់ក្រុមការងារទាក់ទងនឹងវិបត្តិ​ទេស​ចរណ៍​អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌​មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើដំណើរចេញ និងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នៅក្នុងតំបន់។

2- ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទេសចរណ៍ជាតិ អាស៊ាន(NTOs) ជាមួយនឹងវិស័យអាស៊ានពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិ បាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ានផ្សេងៗទៀត ព្រម ទាំងអង្គការ និងសហគមន៍អន្តរជាតិនានា សំដៅរួមគ្នាអនុវត្តវិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការផ្សេងៗគ្នា របស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតបទាន់ពេលវេលា ឆាប់រហ័ស តម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយ ផលប៉ះពាល់ នៃវីរុស កូវីដ-19 ក៏ដូចជា វិបត្តិដទៃទៀតនាពេលអនាគត។

3- បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការអនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជា​ដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការ​សម្របសម្រួលការតភ្ជាប់ កិច្ចខិតខំ ​និងវិធានការសង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏​ដូច​ជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍ បន្ទាប់ពីវិបត្តិ សម្រាប់ជា​ឯក​សារយោងរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រង ឱ្យកាន់តែប្រសើរនូវវិបត្តិណាមួយ ឬជំងឺ​រាត​ត្បាតនានា។

4- អនុវត្តនូវវិធានការ និងគោលនយោបាយ ដ៏ច្បាស់លាស់ ដើម្បីបង្កើន​ទំនុក​ចិត្ត​របស់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ដែលមកទស្សនា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំ បង្កើតឱ្យមានស្តង់ដា និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារប្រកបដោយ​សុវត្ថិភាព សំដៅការពារ អ្នកបម្រើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្ម​ដែល​ជាប់ ពាក់ព័ន្ធវិស័យទេសចរណ៍ ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយ ក្នុង​រដ្ឋ​ជាសមាជិកអាស៊ាន។

5- គាំទ្រការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-19  ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានា ក្នុងការ​បង្កើត​ទំនុក​ចិត្តអ្នកប្រើប្រាស់​ និងអាជីវកម្ម ឈ្វេងយល់ពីដំណោះស្រាយបែបច្នៃប្រឌិត និងនវានុវត្តន៍​ក្នុងការ​ពង្រឹង និងជំរុញវិស័យទេសចរណ៍ ជាពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយ​ផ្តោត​​សំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោល​ដៅ​ជំរុញអាស៊ានឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ។

6- ជំរុញការអនុវត្តគោល​នយោបាយ​មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (SMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែលរងផលប៉ះពាល់នានា។

7-បន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ សន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់ អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀម ខ្លួនរួចជាស្រេច ក្នុងការគ្រប់គ្រងវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិណាមួយប្រកបដោយចីរភាព និងបរិយាប័ន្ន៕

Advertisement