ពលរដ្ឋ​ចិន​ជាង​100​លាន​នាក់​​ដើរ​​ទេសចរណ៍​ពេញ​ផ្ទៃ​ប្រទេស​! វិស័យ​ទេសចរណ៍​ចិន​ “មាន​ទឹក​មាត់​លេប​” ខ្លះ​ៗ​ហើយ

ពលរដ្ឋ​ចិន​ជាង​100​លាន​នាក់​​ដើរ​​ទេសចរណ៍​ពេញ​ផ្ទៃ​ប្រទេស​! វិស័យ​ទេសចរណ៍​ចិន​

មនុស្ស​ប្រមាណ​ជា​104​លាន​នាក់​នៅ​ប្រទេស​ចិន​ បាន​សម្រុក​ទៅកាន់​តំបន់​ទេសចរណ៍​​នានា​ នៅក្នុង​ឱកាសថ្ងៃ​ឈប់​សម្រាក​​​ចំនួន​5​ថ្ងៃ​នៅ​ដើម​ខែឧសភា​ បន្ទាប់​ពី​ប្រទេស​នេះ​ប្រកាស​ថា បាន​គ្រប់​គ្រង​ COVID-19។

យោងតាមទិន្ន​ន័យ​នៅ​ក្នុង​​ស្ថិតិ​​របស់​ក្រសួង​វប្បធម៌និង​ទេសចរណ៍​ប្រទេស​ចិន ក្នុងរយៈ​ពេល​4​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ឈប់​សម្រាក​5ថ្ងៃ​ដែល​ចាប់​ផ្ដើម​ពី​ទិវា​ពលកម្ម​អន្តរជាតិ​1ឧសភា និង​បញ្ចប់​នៅ​ថ្ងៃ​នេះ(5ឧសភា) ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ “សប្ដាហ៍​មាស” នៅ​ប្រទេស​ចិន​។

ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​ បាន​ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរណ៍ដែល​មាន​ចំនួន​ច្រើន​ នៅក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល​វែង​បែប​នេះ នឹង​នាំ​មក​​ចំណូល​ប្រមាណជា​6​ពាន់​លាន​ដុល្លារ​អាមេរិក​។

គិត​ដោយ​ឡែក​ក្នុង​ថ្ងៃទី​1ឧសភា តំបន់​ទេសចរណ៍​ក្នុង​ស្រុក​នានា បាន​ទទួល​ភ្ញៀវ​​​ជាង​23​លាន​នាក់​ ក្នុង​នោះ​ទីក្រុង​ Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ដំបូង​គេ មាន​​ពលរដ្ឋ​ច្រើន​ជាង​គេ​​​បង្អស់​ក្នុង​ចំណោម​ទីក្រុង​នានា​ក្នុង​ប្រទេស​ចិន​ដែលបាន​​ចេញ​ទៅ​ទេសចរណ៍​​​នៅ​តំបន់​ផ្សេង​ៗ។ យោង​តាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ Baidu Inc ចំនួន​មនុស្ស​ដែល​បាន​​ចាក​ចេញ​ពី​ទីក្រុង​ Wuhan ដើម្បី​ទៅ​ទេសចរណ៍ក្រៅ​តំបន់​ បាន​​កើន​ឡើង​ជិត​50% ក្នុង​ថ្ងៃ​ទី​1ឧសភា បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា​។

ទីក្រុង​ប៉េកាំង ទីក្រុងតាលាន(​Dalian) ទីក្រុងធៀន​ជីន(Tianjin) និង​ទីក្រុងជីណាន(​Jinan) ជា​ដើម ក៏​មាន​ពលរដ្ឋ​ជាច្រើន​ចេញ​ទៅ​ទេសចរណ៍​​ផងដែរ​ នៅក្នុងកាលៈ​ទេសៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរហើរ​។

ក្រសួង​ដឹក​ជញ្ជូន​របស់​ចិន​ មុន​នេះ​បាន​ព្យាករ​ថា មនុស្ស​ប្រមាណជា​23.36​លាន​នាក់​នឹង​ចេញ​ទៅ​ទេសចរណ៍​ក្នុងថ្ងៃ​ឈប់​សម្រាក​នេះ​ ដែល​តួលេខ​នេះ​ ខ្ពស់​ជាង​19.9​លាន​នាក់​បើ​ធៀប​នឹង​រដូវ​ឆេងមេង(QingMing Festival) កាល​ពី​ខែ​មុន​ទៅ​ទៀត​។

ការ​កើន​ឡើង​នៃ​ចំនួន​ទេសចរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នេះ អាច​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ និង​សណ្ឋាគារ​នៅ​ប្រទេស​ចិន​បាន​មួយ​កម្រិត​ បន្ទាប់​ពី​ត្រូវ​លិច​លង់​ដោយ​សារ​ COVID-19 ដែល​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ចិន​​ជាង​83,000​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​4,637​នាក់​បាន​បាត់​បង់​ជីវិត៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement