វិស័យទេសចរណ៍ងើបឡើងបន្តិច បន្ទាប់ពី Covi-19 ស្ងប់ស្ងាត់បន្តិច

មួយរយៈពេលនេះ ដោយសារតែបញ្ហាការរីករាលដាល់នៃជំងឺ Covid-19 បានធ្វើឱ្យវិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី ចាប់ពីខែឧសភា​មក វិស័យដ៏មានសារៈសំខាន់នេះចាប់ផ្តើមងើបឡើងវិញគួរឱ្យគាត់សម្គាល់​ដែលវាជាសញ្ញាណវិជ្ជមានមួយសម្រាប់អ្នករកស៊ី និងបុគ្គលិកក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយវិស័យទេសចរណ៍​កម្ពុជា​ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាវិបត្តិជំងឺ Covid-19 នៅខែឧសភានេះ​យើងសង្កេតឃើញមានសញ្ញាណវិជ្ជមានមួយចំនួនកើតឡើង។ ឯកឧត្តមថា ក្នុងរយៈពេល 3សប្តាហ៍ខែមិថុនានេះ មានភ្ញៀវទេសចរ​ជាង 45ម៉ឺននាក់ចេញដើរទស្សនានៅទូទាំងប្រទេស ដែលវាមានកំណើន​ប្រមាណ 7.24% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងខែឧសភា។

ឯកឧត្តមសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នៃភ្ញៀវទេសចរអន្តរជាតិ ព្រោះពិភពលោកនៅតែមានវិធានការរឹតបណ្តឹងការធ្វើដំណើរ។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន ខណៈប្រទេសខ្លះបានសម្រេចឱ្យបើករួចទៅហើយ តែសម្រេចឱ្យបិទទៅវិញភ្លាមៗ ដោយសារតែមានការចម្លងថ្មីកើតឡើងវិញ៕

Advertisement