កម្ពុជាចេញវិធានការ 4ចំណុចដើម្បីរក្សាសុវត្ថិភាពទេសចរណ៍ នៅថ្ងៃឈប់សម្រាកសងចូលឆ្នាំថ្មី

នៅសល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​ដល់​ថ្ងៃ​ឈប់​សម្រាប់​រយៈពេល 5ថ្ងៃ​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ដែល​នៅពេលនោះ​ប្រជាជន​នានា​នៅ​ទូទាំងប្រទេស​នឹង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុងប្រទេស។

ដើម្បី​ទប់ស្កាត់​នូវ​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​ក្នុងពេល​ឈប់សម្រាក​នេះ ក្រសួងទេសចរណ៍ បានចេញ​គោលការណ៍សំខាន់ៗចំនួន4 ចំណុច​ដូចជា៖

1. ណែនាំ​ដល់​នាយកដ្ឋាន​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ធ្វើការ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ជម្រុញ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ 015 ស​ណន ស្តីពី​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ស្របតាម​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នាឱកាស​ថ្ងៃ​ឈប់សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឱ្យដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍

2. ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង25 ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​Covid-19ឱ្យបាន​កាន់តែ​រឹងមាំ ថែមទៀត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព និង​ការទទួលខុសត្រូវ និង​ដើម្បី​ត្រៀម​ទទួល​ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នាឱកាស​ថ្ងៃ​ឈប់ សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មកដល់​នាពេលឆាប់ៗនេះ

3. ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង25 យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ចំពោះ​ការអនុវត្ត​វិធាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ដូចដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក និង​បន្ត​ពង្រឹងគុណភាព​ភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត។

4. ពង្រឹង​ការអនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម TELEGRAM ដែលជា​ការចូលរួម​ក្នុង​យន្តការ​ថែរក្សា​សុវត្ថិភាព វិធានការ Quarantines ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​ភ្ញៀវទេសចរ​ក្នុងករណី​មាន​ផ្ទុក​ជំងឺ​Covid-19ហើយ​រត់គេច​ពី​ការ​Quarantine ដែល​អាច​នាំឱ្យ​មានការ​ចម្លង​នៅក្នុង​សហគមន៍៕

Advertisement