ARU RESSHA រថភ្លើងស្អាតបំផុតក្នុងពិភពលោក

ដូចដែលយើងបានដឹងហើយថា នៅក្នុងប្រទេសជប៉ុនការធ្វើដំណើរត្រូវពឹងលើរថភ្លើងជាចម្បង ដែលប្រព័ន្ធចរាចរណ៍រថភ្លើងនោះទាន់សម័យខ្លាំងណាស់ គ្រប់ដណ្តប់លើការធ្វើដំណើរទាំងក្នុងទីក្រុងធំៗ និងទៅទីរួមខេត្តផ្សេងៗ ក្រៅពីនេះនៅមានអៃឌៀថ្មីៗត្រូវបានដាក់បញ្ចូលមកដើម្បីបន្ថែមចំណាប់អារម្មណ៍លើរថភ្លើងជាច្រើនយ៉ាងទៀតផង ដូចជា រថភ្លើងបែបតុក្កតា និងពេលនេះ JR Kyushu បានបើកបង្ហាញក្បួនរថភ្លើងថ្មីសន្លាងមួយខ្សែគឺ ARU RESSHA (Sweet Train ) ដើម្បីតម្រូវតាមចំណង់ចំណូលចិត្តនារីៗ និងអ្នកចូលចិត្តញ៉ាំបង្អែម។

JR Kyushu ជាក្បួនរថភ្លើងដែលរត់លើខ្សែផ្លូវលើកោះ ឃីវឈូ មានប្រវត្តិដំណើរការមកយូរយារណាស់មកហើយ ឥឡូវនេះបានបង្ហាញ ARU RESSHA ក្បួនរថភ្លើងផ្អែមល្ហែម ( Sweet Train )មួយខ្សែថ្មីទៀត ដែលនឹងនាំយើងជិះទស្សនាទេសភាពស្អាតៗរបស់ធម្មជាតិ សមុទ្រ ព្រៃភ្នំ រហូតពេញមួយខ្សែផ្លូវ ព្រមជាមួយការក្រេបយកភាពឈ្ងុយឆ្ងាញ់របស់បង្អែមដែលចម្អិនឡើងយ៉ាងផ្ចិតផ្ចង់បម្រើឱ្យទទួលទានពេញមួយពេលធ្វើដំណើរ។

ARU RESSHA ឬភាសាអង់គ្លេសហៅថា Sweet Train ឬក្បួនរថភ្លើងផ្អែមល្ហែមនេះបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ 2015 រត់រវាងទីក្រុង សាសេបូ ទៅដល់ទីរួមខេត្ត ណាង៉ាសាគិ ហើយនៅឆ្នាំ 2017 នេះក៏នឹងបើកផ្លូវមួយខ្សែថ្មីទៀតដែលនឹងធ្វើដំណើររវាងទីក្រុង Oita-Hita ក្នុងខេត្ត អូអ៊ីតៈ ដោយនឹងចាប់ផ្តើមនៅខែមេសា និងរដូវស្លឹកឈើជ្រុះនឹងចាប់ផ្តើមផ្តល់សេវាកម្មរវាង Sasebo – Nagasaki ក្នុងខេត្ត ណាង៉ាសាគិ។

ARU RESSHA ជារថភ្លើងស្ទីលទំនើបបង្កប់ដោយភាពក្លាសស៊ិក តុបតែងដោយពណ៌ខ្មៅ-ក្រហម ច្នៃម៉ូដដោយ “Eiji Mitooka ” ឌីហ្សាញនើរ៍ល្បីឈ្មោះ ដោយបានកម្លាំងជំរុញចិត្តមកពីរថភ្លើងបុរាណសម័យឆ្នាំ 1908 និងចង់ធ្វើឱ្យទៅជា “ក្បួនរថភ្លើងក្នុងក្តីស្រមៃ” ជារថភ្លើងបែបស៊ីប្រេងម៉ាហ្សូ៊ត មិនមែនអគ្គិសនី។

ហាយឡាយល្អបំផុតរបស់ ARU RESSHA រថភ្លើងផ្អែមល្ហែមនេះ គឺ បង្អែមស្ទីលបារាំងសែសដ៏សែនឆ្ងាញ់ ផ្សំតែងដោយវត្ថុធាតុដើមក្នុងតំបន់ពីកោះ ឃីវឈូ ឬតាមរដូវកាល និងចម្អិនដោយថ្វីដៃមេចុងភៅខាងបង្អែមលំដាប់ Michelin Star របស់ជប៉ុនឈ្មោះ “Yoshihiro Narisawa ” ។

តម្លៃសំបុត្រសម្រាប់ជិះកម្សាន្ត និងញ៉ាំបង្អែម ចាប់ផ្តើមពី 20.000 យ៉េន (ប្រមាណជា 150 ដុល្លារ) សម្រាប់ 2 នាក់ និងអាចទិញតាមរយៈតំណាងលក់ ឬក្រុមហ៊ុនទេសចរណ៍តែប៉ុណ្ណោះ៕

Advertisement