ប៉ាឡៅ សមុទ្រស្រស់ ផ្ទៃមេឃថ្លា ទស្សនាកោះថ្មចម្លែក ហ្វ៊ីលីពីន

សាធារណរដ្ឋ ប៉ាឡៅ​ ( Republic of Palau ) ជាប្រទេសប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅប៉ែកខាងកើតនៃប្រទេសហ្វីលីពីនចម្ងាយប្រមាណជា 500 ម៉ាយល៍ ដោយមាន មេឡេខេអុក ( Melekeok ) ជាទីក្រុងចម្បងរបស់ប្រទេស និង ខូរ័រ ( Koror ) ជាទីក្រុងធំមួយទៀត និងធ្លាប់ជាទីក្រុងចាស់របស់ប្រទេសនេះកាលពីមុន។

ទីក្រុង មេឡេខេអុក ជាចំណុចចាប់ផ្តើមនៃដំណើរទេសចរណ៍ក្នុងប្រទេស ប៉ាឡៅ ដោយទីក្រុងចម្បងនេះស្ថិតនៅទិសខាងកើតនៃកោះ បាបេលដាអុប ( Babeldaob ) ជាកោះដែលធំបំផុតរបស់ប្រទេសប៉ាឡៅ។

សម្រាប់ដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅវិញ ភាគច្រើននឹងសង្កត់ធ្ងន់លើរឿងរបស់ការទេសចរខាងសមុទ្រ។ កិច្ចការកម្សាន្តចម្បងៗច្រើនតែជាការមុជទឹកទស្សនាផ្កាថ្ម ដោយសារតែទីនេះមានបណ្តុំផ្កាថ្មដ៏ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញមួយដែររបស់ពិភពលោក។ បច្ចុប្បន្ន ប៉ាឡៅ បានក្លាយជាគោលដៅចុងក្រោយរបស់គុស្នេហ៍ដែលនឹងរៀបចំពិធីមង្គលការ ឬកំពុងស្វែងរកទីកន្លែងក្រេបរាត្រីច័ន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកទៀតផង។

រឿងដំបូងដែលលោកអ្នកត្រូវដឹង គឺ ការធ្វើដំណើរទេសចរណ៍កម្សាន្តនៅក្នុងប៉ាឡៅនេះ គឺអាចធ្វើដំណើរទេសចរណ៍បានទាំងខាងអាកាស ឬតាមការដឹកជញ្ជូនជើងគោក និងតាមសមុទ្រ ដោយរដូវកាលទេសចរណ៍របស់ប៉ាឡៅ នឹងចាប់ផ្តើមនៅអំឡុងដើមខែតុលា រហូតដល់ចុងខែកុម្ភៈតែប៉ុណ្ណោះ។

ក្រៅពីមុជទឹកសមុទ្រទស្សនាបណ្តុំផ្កាថ្មហើយនោះ ប៉ាឡៅនៅមានបណ្តុំកោះ រ៉ក់ ដែលមានកិច្ចការងារទេសចរណ៍កម្សាន្តជាច្រើនទៀតសម្រាប់ភ្ញៀវទេសចរ មិនថាតែការហែលទឹក ស្ទូចត្រី អុំទូកខាយ៉ាក់ ឬបោះជំរំសម្រាកនៅលើឆ្នេរខ្សាច់ពណ៌សស្គុះ ដែលស៊ីគ្នាជាមួយពណ៌ពងក្រសាចាស់របស់ទឹកសមុទ្រដ៏ស្រស់ស្អាត។

សាធារណរដ្ឋ ប៉ាឡៅ គឺជាជម្រើសមួយសម្រាប់អ្នកដែលនិយមចូលចិត្តដើរលេងតាមសមុទ្រ ដោយសារតែជាប្រទេសបណ្តុំកោះដែលមានសក្តានុពលខាងសេដ្ឋកិច្ច និងកម្រឹតជីវភាពដែលល្អប្រសើរ។ ដោយការធ្វើដំណើរដែលងាយស្រួលសប្បាយ ទើបការទៅទេសចរកម្សាន្តប៉ាឡៅមិនមែនជារឿងដែលគួរឱ្យកង្វល់សម្រាប់អ្នកទេសចរណ៍ឡើយ៕

Advertisement