ទោះស្ថិតក្នុងវិបត្តិ Covid-19 ក៏កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងប្រទេស 74ម៉ឺននាក់នៅខែកក្កដា

ស្ថិតក្នុង​វិបត្តិ Covid-19 វិស័យ​នានា​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស​គឺ​វិស័យ​ទេសចរណ៍ ព្រោះ​ការ​ចរាចរណ៍​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ត្រូវបាន​រឹតត្បិត ស្រប​ពេលដែល​ប្រជាជន​ជាច្រើន​មាន​បញ្ហា​ហិរញ្ញវត្ថុ។

ស្របពេល​ជាមួយគ្នានេះដែរ បើតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា សម្រាប់​ខែកក្កដា ឆ្នាំ2020នេះ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅគ្រប់​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​មាន​ចំនួន​សរុប 740,028នាក់ កើនឡើង 15.2% បើ​ប្រៀបធៀប​នឹង​ខែមិថុនា ក្នុងនោះ​មាន​ភ្ញៀវ​ជាតិប្រមាណ 723,238នាក់​កើនឡើង 15.39% និង​ភ្ញៀវ​បរទេស​មាន 16,790នាក់ កើនឡើង 9.99%។

តាមរយៈ​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ក្នុង​ខែកក្កដា​នេះ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​កើនឡើង​ដល់​ជាង 75ម៉ឺន​នាក់ គឺ​ស្មើនឹង​ប្រមាណ 75% នៃ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មុន​Covid-19ដែល​លើសពី​បណ្តា​ខែ​កន្លងមក ដែលមាន​ចំនួន​ត្រឹមតែ 60-65% ដែល​នេះ​បង្ហាញ​ពីស​ញ្ញា​កាន់តែ​វិជ្ជមាន​នៃ​ចលនា​ទេសចរណ៍​ផ្ទៃ ខណៈដែល​អាជីវកម្ម​ទេសចរណ៍​កា​ន់​តែ​ច្រើន ពិសេស​សណ្ឋាគារ និង​សេវា​ស្នាក់នៅ​នានា បាន​បើក​ដំណើរការ​ឡើងវិញ​ជា​ហូ​ហែរ។

ប៉ុន្តែ​ចំនួន​ភ្ញៀវ​ហាក់​មាន​ភាព​ថមថយ​នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ខែកក្កដា​នេះ ដោយសារ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូទាំងប្រទេស ព្រមជាមួយ​ពត៌មាន​នៃ​ការផ្ទុះ​ឡើងវិញ​មួយចំនួន​នៃ​ជំងឺ​Covid-19នៅ​ប្រទេសជិតខាង។

នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស មានការ​យកចិត្តទុកដាក់​ខិតខំ​ជំរុញ​ការអនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​សុវត្ថិភាព​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19ដោយមាន​ការចុះ​ណែនាំ និង​តាមដាន​ការអនុវត្ត​ជាប្រចាំ​ពី​គណៈ​អភិបាលខេត្ត និង​មន្ទីរជំនាញ៕

Advertisement