ទឹកជំនន់នៅប្រទេសចិន ជន់ដល់ពុទ្ធប្បដិមាថ្មធំនិងខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក (វីដេអូ)

ទឹកជំនន់បានបណ្ដាលឱ្យតំបន់ប្រវត្តិសាស្ត្រស្ថិតនៅខាងក្រោមនិងក្បែរព្រះបាទនៃរូបសំណាកព្រះពុទ្ធមួយអង្គដែលត្រូវបានដាក់ព្រះនាមថា Leshan Giant Buddha ត្រូវលិចទឹកជម្រៅ20សម ធ្វើឱ្យក្រុមប្រឹក្សាភិបាលត្រូវផ្អាករាល់សកម្មភាពទស្សនកិច្ចនៅទីនេះ។

រូបសំណាកព្រះពុទ្ធ Leshan Giant Buddha (樂山大佛 /Yaoshan dafu) មានទីតាំងនៅក្នុងតំបន់ប្រសព្វគ្នានៃទន្លេ3 រួមមានទន្លេ Minjiang (Min River) ទន្លេ Qingyi និងទន្លេ Dadu River។ ភ្លៀងធ្លាក់ចាប់ពីថ្ងៃទី11សីហា ដល់12សីហា បានធ្វើឱ្យទឹកទន្លេកើនឡើងខ្ពស់។ គណៈកម្មការទប់ទល់នឹងទឹកជំនន់របស់ទីក្រុង Leshan បានប្រកាសអាសន្នកម្រិតទី3 ក្នុងចំណោម4កម្រិតរបស់គណៈកម្មការនេះ។ នេះគឺជាគ្រោះទឹកជំនន់ធំជាងគេបង្អស់នៅទន្លេ Minjiang ក្នុងរយៈពេល10ឆ្នាំមកនេះ។

ទឹកជំនន់បានជន់លិចកន្លែងអុជធូបដែលស្ថិតនៅខាងក្រោមក្បែរព្រះបាទរបស់រូបសំណាកព្រះពុទ្ធ។ ទឹកជំនន់ក៏ជន់ដល់កន្លែងដាក់ព្រះបាទរបស់ព្រះពុទ្ធប្បដិមាផងដែរ។ សកម្មភាពទេសចរណ៍ ដូចជាការឡើងភ្នំ អុំទូកគយគន់ទេសភាពនៅលើផ្ទៃទន្លេ សុទ្ធតែត្រូវបានផ្អាក។

រូបសំណាកព្រះពុទ្ធ Leshan Giant Buddha គឺជាព្រះពុទ្ធប្បដិមាដែលត្រូវបានឆ្លាក់នៅក្នុងភ្នំថ្មធំជាងគេ និងខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក។ ព្រះពុទ្ធប្បដិមានេះ មានកម្ពស់ស្មើនឹងអគារ10ជាន់ (71ម៉ែត្រ) ក្នុងនោះ ផ្នែកខាងព្រះកេសមានកម្ពស់15ម៉ែត្រ ទទឹង28ម៉ែត្រ រោមចិញ្ចើមព្រះពុទ្ធមានប្រវែង5.5ម៉ែត្រ ច្រមុះមានកម្ពស់6ម៉ែត្រ ត្រចៀកប្រវែង7ម៉ែត្រ។ ព្រះបាទនីមួយៗមានបណ្ដោយ11ម៉ែត្រ ទទឹង8.5ម៉ែត្រ ដែលអាចឱ្យមនុស្សអង្គុយបាន100នាក់។

ទឹកជំនន់នៅប្រទេសចិន ជន់ដល់ពុទ្ធប្បដិមាថ្មធំនិងខ្ពស់ជាងគេបង្អស់ក្នុងពិភពលោកនៅក្នុងឥរិយាបថឈរត្រង់ ពុទ្ធប្បដិមានេះនឹងមានកម្ពស់ស្មើនឹងរូបសំណាកវិមានសេរីភាពជាតិ (Statue of Liberty National Monument) របស់សហរដ្ឋអាមេរិក។ រូបសំណាកព្រះពុទ្ធ Leshan Giant Buddha ស្ថិកក្នុងឥរិយាបថគង់បញ្ឈរជង្គង់ បង្កើតបានជាអារម្មណ៍ធូរស្រាលសម្រាប់អ្នកដែលបានទស្សនាទីនេះ។

រូបសំណាកទាំងមូលត្រូវបានកសាងអំពីថ្ម លើកលែងតែត្រចៀកដែលសាងសង់អំពីឈើស្រោបដីឥដ្ឋ។ ចំណែកព្រះកេសាត្រូវបានធ្វើអំពីថ្មដែលមានរូបរាងគូទខ្យងចំនួន1,021ជុំ។

រូបសំណាកនេះត្រូវបានដឹកនាំសាងសង់ដោយព្រះសង្ឃចិនមួយអង្គដែលមានព្រះនាមថា Hai Tong នៅក្នុងសម័យរាជវង្សថាង (Tang dynasty) រាប់ចាប់ពីឆ្នាំ713ដល់803។

ប្រទេសចិន ជារៀងរាល់ឆ្នាំតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ ពិសេសនៅតំបន់ភាគកណ្ដាលនិងភាគខាងត្បូងប្រទេស ប៉ុន្តែឆ្នាំនេះ (2020) ទឹកជំនន់បានឡើងខ្ពស់ជាងរាល់ឆ្នាំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប្រមាណជា38លាននាក់ បណ្ដាលឱ្យមនុស្សជាង2.2លាននាក់ត្រូវជម្លៀសខ្លួន និង140នាក់បានបាត់បង់ជីវិត និងបាត់ខ្លួន។ គ្រោះទឹកជំនន់ឆ្នាំនេះក៏បានបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់រហូតដល់7ពាន់លានដុល្លារអាមេរិក។

https://www.youtube.com/watch?v=sJdm46aUBCQ

ប្រភព៖ China News

Advertisement