“មេខាល័យ” រដ្ឋមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក

ពេលរដូវភ្លៀងចូលមកដល់ មានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃ និងយូរប្រមាណត្រឹមតែ 3 – 4 ខែសោះ ក៏ធ្វើឱ្យមនុស្សជាច្រើននាំគ្នាធុញទ្រាន់សឹងតែមិនចង់ចេញពីផ្ទះទៅហើយ ទើបធ្វើឱ្យយើងនឹកសង្ស័យថា នៅលើពិភពលោកយើងនេះ តើមានប្រទេសណាដែលភ្លៀងធ្លាក់ខ្លាំង និងច្រើនបំផុតដែរទេ?។ ដោយសារតែចម្ងល់មួយនេះហើយ ទើបធ្វើឱ្យយើងបានដឹងថា “មេខាល័យ” ដែលជារដ្ឋមួយនៅក្នុងប្រទេសឥណ្ឌា មានភ្លៀងធ្លាក់ច្រើនបំផុតលើពិភពលោក ធ្លាក់ច្រើនដល់ថ្នាក់ជាប់ៗគ្នារហូតសឹងពេញមួយឆ្នាំទល់មួយឆ្នាំ…។

មេខាល័យ ( Meghalaya ) ជារដ្ឋមួយដែលមាននៅក្នុងប្រវត្តិសាស្រ្តជាយូរលង់រាប់រយឆ្នាំមកហើយ បច្ចុប្បន្នជារដ្ឋមួយក្នុងចំណោមរដ្ឋបីដែលនៅតែគ្របដណ្ដប់ទៅដោយព្រៃឈើដ៏ឧត្ដមសម្បូរ អាចនិយាយបានថា ជាកន្លែងមួយដែលមានភ្លៀងធ្លាក់ច្រើនបំផុតក្នុងពិភពលោក និងជាទីកន្លែងដែលសើមប៉ប៉ិប៉ប៉ាច់បំផុតក្នុងពិភពលោកដែរ។

មេខាល័យ ជារដ្ឋមួយរបស់ប្រទេសឥណ្ឌា មានផ្ទៃដីរួមទាំងអស់ 22,429 គីឡូម៉ែត្រក្រឡា ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងរបស់ប្រទេសឥណ្ឌា មានព្រំដែនជាប់នឹងប្រទេសបង់ក្លាដែសខាងទិសខាងត្បូង និងខាងកើត និងរដ្ឋអាស់សាំនៅខាងទិសខាងជើង និងខាងកើត។ ដោយសារតែរដ្ឋមេខាល័យជារដ្ឋដែលមានភាពឧត្ដមសម្បូរខាងធម្មជាតិយ៉ាងខ្លាំង ហ៊ុមព័ទ្ធទៅដោយ ដងទន្លេ ស្ទឹងបឹងបួ ព្រៃភ្នំ និងសត្វព្រៃច្រើនប្រភេទនោះ ទើបធ្វើឱ្យទីនេះបានក្លាយជាប្រភពអេកូទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់បណ្ដាក្រុមអ្នកចូលចិត្តទស្សនាសត្វព្រៃទូទាំងពិភពលោក។

រដ្ឋមេខាល័យ មានទីក្រុង ឈិលឡង ជាទីក្រុងចម្បង ជាទីក្រុងដែលស្ថិតនៅលើកំពូលភ្នំកណ្ដាលធម្មជាតិដ៏ល្អឥតខ្ចោះ ក្នុងរយៈកម្ពស់ 1496 លើកម្រិតទឹកសមុទ្រ។ ជាមជ្ឈមណ្ឌលកណ្ដាលរបស់ពាណិជ្ជកម្ម ការគ្រប់គ្រងសណ្ឋាគារ និងទីផ្សារជាដើម។ ទីនេះក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែងដែរ ដូចជា សារមន្ទី Don Bosco Centre for Indigenous Cultures។ ឈើរ៉ាពុនជី ( Cherrapunjee ) ជាតំបន់ទេសចរណ៍ 1 ក្នុងចំណោម 10 តំបន់ទេសចរណ៍ដែលល្អ និងស្អាតបំផុតក្នុងទ្វីបអាស៊ី។ ទឹកធ្លាក់ ណូខាលីខៃ (Nohkalikai falls ) និងបឹង Umiam Lake ជាដើម ហើយនៅក្នុងរដ្ឋមួយនេះនៅមាន ភូមិបុរាណ ម៉លីនណុង ( Mawlynnong Village ) ជាភូមិជនកុលសម្ព័ន្ធ ខាស៊ី ( Khasi ) ដែលមានអាយុចំណាស់បំផុតមួយរបស់ប្រទេសឥណ្ឌា មានផ្ទះអ្នកភូមិ 82 ខ្នងដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិខៀវខ្ចី និងខ្យល់អាកាសដ៏បរិសុទ្ធ។ ភូមិមួយនេះបានទទួលឈ្មោះកិត្តិយសថា ជាភូមិដែលស្អាតបំផុតក្នុងទ្វីបអាស៊ីនាឆ្នាំ 2003 ពីទស្សនាវដ្តី Discover India ព្រោះទីនេះគ្មានសំរាមសូម្បីតែមួយចម្រៀកណាមួយឡើយ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលប្លាស្ទិកគ្រប់ប្រភេទ។

បើអ្នកណាបានទៅដល់ទីនោះ នឹងបានឃើញពីជីវិតការរស់នៅតាមបែបមនុស្សសម័យបុរាណ ទាំងការសាងសង់ផ្ទះស្នាក់នៅដោយដើមឈើ ស្ពានឆ្លងអូរ ព្រែកពីដើមឫស្សី ហើយនិង “ស្ពានដើមឈើមានជីវិត” ជាស្ពានដែលមានឈ្មោះល្បីល្បាញ និងអាចរាប់បានថា ជាស្ពានដ៏សែនប្លែកបំផុតមួយរបស់ពិភពលោក។ សាងឡើងពីដើមកៅស៊ូឥណ្ឌា ( Ficus Elastica ) ដែលអ្នកភូមិបានជួយគ្នាសាងឡើងពីមួយជំនាន់ទៅមួយជំនាន់តៗគ្នាមក រហូតក្លាយជា “ស្ពានដើមឈើមីជីវិត” មកដល់ពេលបច្ចុប្បន្ននេះ៕

Advertisement