មណ្ឌលទេសចរណ៍ដ៏អស្ចារ្យ 7 កន្លែងដែលគួរទៅលេងនៅខេត្ត អាអូម៉ូរិ ប្រទេសជប៉ុន

ខេត្ត អាអូម៉ូរិ ស្ថិតនៅក្នុងបរិវេណខាងលើបំផុតរបស់កោះ ហន់ឈូ ជាខេត្តដែលធានាពីភាពត្រជាក់រងាកម្រិតកំពូលមួយរបស់ប្រទេសជប៉ុន តែភាពស្រស់ស្អាតរបស់ទីក្រុងវិញ អ្នកណាសាកល្បងបានទៅលេងហើយ ច្បាស់ជាភ្លេចអស់ភាពរងាត្រជាក់នោះដូចគេបេះចោលមិនខាន។

7 . ខ្សែទឹកហូរ អូអ៊ិរ៉ាសិ ក្រុង ថូវ៉ាដៈ

ខ្សែទឹកហូរ អូអ៊ិរ៉ាសិ ជាខ្សែទឹកហូរដែលធ្លាក់ចុះមកពីជ្រលងភ្នំដ៏ស្រស់ស្អាតនៃខេត្ត អាអូម៉ូរិ និងជាចំណុចទស្សនាស្លឹកឈើជ្រុះដែលមានឈ្មោះល្បីល្បាញបំផុតក្នុងប្រទេសជប៉ុន។ ខ្សែទឹកហូរមួយនេះហូរទៅតាមជ្រលងភ្នំ អូអ៊ិរ៉ាសិ ដោយនៅតាមផ្លូវមានទឹកជ្រោះដែលហូរធ្លាក់ចេញមកពីជញ្ជាំងជ្រលងភ្នំជាង 12 កន្លែង និងពោរពេញទៅដោយដើមរុក្ខជាតិប្លែកៗជាច្រើន ដែលយើងអាចដើរក្នុងព្រៃឆ្ពោះទៅទីនោះបានដូចគ្នា។

6 . ប្រាសាទ ហ៊ីរ៉ូសាគិ ក្រុង ហ៊ីរ៉ូសាគិ

ប្រាសាទ ហ៊ីរ៉ូសាគិ មួយនេះត្រូវបានសាងឡើងក្នុងឆ្នាំ 1611 តាំងនៅក្នុងបរិវេណសួនច្បារសាធារណៈហ៊ីរ៉ូសាគិ។ ប្រាសាទមួយនេះមានសួនច្បារសម្រាប់ទៅកម្សាន្តបែបពិកនិកបាន ជាពិសេសក្នុងរដូវស្លឹកឈើលាស់ ផ្កាសាគូរ៉ៈជាង 2,500 ដើមនឹងប្រជែងគ្នាចេញផ្ការីកស្គុសស្គាយ ស្រស់ស្អាតជាទីបំផុត ធ្វើឱ្យប្រាសាទមួយនេះក្លាយជាទីកន្លែងមួយដែលជនជាតិជប៉ុននិយមធ្វើដំណើរទៅលេង ដើម្បីទស្សនាផ្កាសាគូរ៉ៈរីកក្នុងពិធីបុណ្យមើលផ្កាសាគូរ៉ៈ។

5 . ទីធ្លាខាងបុរាណវិទ្យា សាន់ណៃ ម៉ារុយ៉ាម៉ៈ ក្រុង អាអូម៉ូរិ

ទីធ្លាខាងបុរាណវិទ្យា សាន់ណៃ ម៉ារុយ៉ាម៉ៈ ជាទីឋានបុរាណដែលចំណាស់ និងឥតខ្ចោះបំផុតនៅលើកោះជប៉ុន អាចចាត់បានថា ល្អឥតខ្ចោះបំផុតរបស់យុគសម័យ ចូម៉ុង(Jomon) ឬប្រមាណជា 4,000 ឆ្នាំមុនគ្រិស្តសករាជ។ ទីធ្លានោះត្រូវបានរកឃើញដោយចៃដន្យ រួមទាំងអស់មានខ្ទមជាង 700 ខ្នង និងមានទីធ្លាជាច្រើនផ្នែកទៀតដែលអ្នកបុរាណវិទ្យាកំពុងធ្វើការសិក្សាទៀតផង។ បច្ចុប្បន្នកំពុងស្ថិតក្នុងការពិចារណាឱ្យក្លាយជាបេតិកភណ្ឌពិភពលោក UNESCO World Heritage Site។

4 . សារមន្ទីរសិល្បៈអាអូម៉ូរិ ក្រុងអាអូម៉ូរិ

សារមន្ទីរសិល្បៈអាអូម៉ូរិ (Aomori Museum of Art ឬ Aomori Kenritsu Bijutsukan) ជាសារមន្ទីររៀបចំសម្ដែងសិល្បៈសម័យថ្មី ដោយតួអគារត្រូវបានធ្វើឱ្យជំពប់ភ្នែកដោយការច្នៃម៉ូដខាងក្រៅដោយពណ៌សទាំងអស់។ ហាយឡាយដែលក្រៅពីតួអគារដ៏ស្រស់ស្អាតហើយនោះ ខាងក្នុងអគារនៅមានការតាំងពិព័ណ៍អចិន្រ្តៃយ៍របស់ សិល្បករល្បីឈ្មោះ 3 រូបគឺ Marc Chagall , Munakata Shiko និង Nara Yoshitomo ទៀតផង។

3 . កូនភ្នំ អូសូរេសាំង ក្រុង មុស៊ី

កូនភ្នំ អូសេរេសាំង បានទទួលការចាត់លំដាប់ថ្នាក់ឱ្យលេខ 1 ក្នុងចំណោម កូនភ្នំស័ក្តិសិទ្ធិទាំង 3 របស់ជប៉ុន។ ត្រូវបានរកឃើញនៅក្នុងអំឡុង 1,000 ឆ្នាំកន្លងមក និងនៅផ្នែកកំពូលភ្នំថែមទាំងជាទីតាំងរបស់វត្ត បូដៃជិ ទៀតផង។ ភាពលេចធ្លោរបស់កូនភ្នំមួយនេះគឺ ផ្ទាំងទស្សនីយភាពដ៏ចម្លែកភ្នែកដែលកើតចេញពីការផ្ទុះរបស់ភ្នំភ្លើង និងក្លិនស្ពាន់ធ័រដ៏ខ្លាំងក្លាជ្រៀតចូលទៅក្នុងអាកាសធាតុ និងផ្ទៃដីមានពណ៌ប្រផេះស្ងួត។

2 . អនសេន(អាងទឹក)ស៊ុខាយុ ក្រុង អាអូម៉ូរិ

អនសេនធម្មជាតិដែលមានប្រភពថាមពលកម្ដៅពីភ្នំភ្លើង និងទឹកដែលមានអាស៊ីតស្ពាន់ធ័រលាយឡំ ធ្វើឱ្យមានពណ៌ផ្ទៃមេឃលាយបៃតងល្អក់ចម្លែកភ្នែក តែពេញទៅដោយសាតធាតុរ៉ែថែបំប៉នស្បែក។ តួអគារចំណាស់ និងបើកពិតានខ្ពស់ស្រឡះ បើអ្នកណាបានទៅលេងកម្សាន្តអាអូម៉ូរិហើយ សូមកុំភ្លេចទៅទទួលយកបទពិសោធត្រាំអនសេននៅទីនោះ។

1 . នេប៊ុតៈ ណុ អ៊ិអិ វ៉ារ៉ាត់សិ ក្រុងអាអូម៉ូរិ

អគារចម្លែកភ្នែកនេះ ជាអគាររបស់សារមន្ទីរសិល្បៈបុរាណក្នុងតំបន់នេប៊ុតៈ ដែលហ៊ុមព័ទ្ធដោយបន្ទះលោហៈពណ៌ក្រហមប្លែកភ្នែក។ ខាងក្នុងមានការចាត់សម្ដែងពិព័រណ៍ពាក់ព័ន្ធពិធីបុណ្យភ្លើងគោមតុបតែងរបស់ជប៉ុនដ៏ល្បីល្បាញដែលរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំក្នុងអំឡុងដើមខែសីហា ឬដែលហៅថា ពិធីបុណ្យ នេប៊ុតៈ ម៉ាត់ស៊ុរិ(Nebuta Matsuri)ហ្នឹងឯង។ យើងនឹងអាចទស្សនាគោមភ្លើងខ្នាតធំៗដែលប្រើក្នុងពិធីបុណ្យយ៉ាងជិតៗផ្ទាល់ភ្នែកបាននៅទីនោះ ដោយនៅខាងក្នុងអគារមានហាងលក់កាហ្វេ និងអាហារឆ្ងាញ់ៗសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយក្រេបកេហ្វេ និងញ៉ាំអាហារកំដរអារម្មណ៍ទៀតផង៕

Advertisement