ដើរលេង ដើរញ៉ាំ ដើរទិញអីវ៉ាន់ នៅ China Town ល្បីៗទូទាំងពិភពលោក

តំបន់ ឆៃណា ថោន ជាធម្មតាច្រើនតែស្ថិតនៅតាមទីក្រុងធំៗក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក ដែលពោរពេញទៅដោយបរិយាកាស និងវប្បធម៌បែបចិនៗ។ លេខនេះ ឡារ៉ែនសូមនាំមិត្តអ្នកអានទៅស្គាល់តំបន់ ឆៃណា ថោន 8 កន្លែងដែលអ្នកចូលចិត្តធ្វើដំណើរកម្សាន្តទាំងឡាយគួរតែបានទៅដើរលេង ដើរញ៉ាំអាហារចិនឆ្ងាញ់ៗនៅទូទាំងពិភពលោក ដូចតទៅ។

1 . China Town នៅក្នុងទីក្រុង ឡាហាវ៉ាន ប្រទេស គុយបា

China Town នៅទីនេះមានឈ្មោះថា Barrio Chino de la Habana (បារីអូ ឈិណូ ឌើ ឡា ហាបាណា) ជាឆៃណា ថោនដ៏ចំណាស់ និងធំបំផុតក្នុងភូមិភាគឡាទីនអាមេរិកា។ បង្កើតឡើងដោយជនជាតិចិនក្វាងទុង ដែលភៀសខ្លួនចូលទៅធ្វើការនៅក្នុងប្រទេសគុយបាក្នុងអំឡុងសតវត្សរ៍ទី 19។

2 . China Town នៅក្នុងទីក្រុង Kolkata ប្រទេស ឥណ្ឌា

ម្ហូបអាហារចិនលាយឡំនឹងក្លិនអាហារឥណ្ឌា បញ្ចេញក្លិនក្រអូបឈ្ងុយទូទាំងតំបន់ឆៃណា ថោនក្នុងទីក្រុង កុលកាតា ដោយបែងចែកជា 2 ផ្នែកផ្សេងគ្នា គឺផ្នែកទីក្រុងចាស់ ហៅថា ទិរេតតា បាហ្សារ៍ និងផ្នែកទីក្រុងថ្មី ហៅថា តាន់ក្រា។ បច្ចុប្បន្នមានការរៀបចំជាពិធីបុណ្យប្រចាំឆ្នាំធំៗចំនួន 3 លើក គឺបុណ្យចូលឆ្នាំចិន សំពះព្រះខែ និងឆេងម៉េង។

3 . China Town នៅក្នុងទីក្រុង បាងកក ប្រទេស ថៃ

មិនចាំបាច់ប្រាប់ ក៏អ្នកទេសចរខ្មែរយើងភាគច្រើនបានដឹងដែរថា ឆៃណា ថោន ឬ “យ៉ៅវរ៉ាត” ក្នុងទីក្រុង បាងកក មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរខ្លាំងប៉ុនណានោះ ជាពិសេសនៅពេលព្រលប់ៗអូសបន្លាយរហូតទៅដល់កណ្ដាលអធ្រាត្រ បរិយាកាសនឹងអ៊ូអរខ្លាំងបំផុត។ សងខាងថ្នល់នឹងពោរពេញទៅដោយតូបលក់ម្ហូបអាហារ និងគ្រឿងក្លែមដ៏ច្រើន ដែលអាចហៅបានថា ជាស្ថានសួគ៌សម្រាប់អ្នកផឹកតែម្ដង។

4 . China Town សាំងហ្គាពួរ

មិនគួរខកខានឡើយសម្រាប់ភាពប្លែកភ្នែកក្នុងពិធីបុណ្យចូលឆ្នាំចិនក្នុងតំបន់ឆៃណា ថោនកណ្ដាលទីក្រុងសាំងហ្គាពួរ និងគោមភ្លើងស្អាតៗដែលតុបតែងទៅតាមដងផ្លូវ និងដើរជ្រើសរើសទិញវត្ថុអនុស្សាវរីយ៍ពីហាងលក់ទំនិញផ្សេងៗដ៏ច្រើនរាប់មិនអស់។ ក្រៅពីនេះនៅសម្បូរហូរហៀរទៅដោយរង្គសាល ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែលភ្ញៀវទេសចរអាចជ្រើសរើសចូលគេងសម្រាកតាមកម្លាំងលុយកាក់របស់ខ្លួន។ ក្រៅពីនេះនៅមានមណ្ឌលទេសចរណ៍ល្បីៗជាច្រើនទៀត ដូចជាវត្តក្លឹង Sri Mariamman និង Chinese Heritage Centre ជាដើម។

5 . China Town ក្នុងទីក្រុង Incheon ប្រទេស កូរ៉េខាងត្បូង

គឺជាឆៃណា ថោន តែមួយគត់នៅក្នុងប្រទេស កូរ៉េខាងត្បូង ចាប់កំណើតឡើងដំណាលៗគ្នានឹងការសាងសង់កំពង់ផែ អ៊ីនឆន់ដែរ ដើម្បីប្រគល់ទីកន្លែងឱ្យជនជាតិចិនបានចូលមករកស៊ីលក់ដូរ។ កាលពីអតីតកាលធ្លាប់អ៊ូអរកកកុញទៅដោយតូបលក់ទំនិញដ៏ច្រើន តែបច្ចុប្បន្ន ក្លាយជាភោជនីយដ្ឋានស្ទើរតែទាំងអស់ ដែលគ្រប់អំឡុងពេលបុណ្យចូលឆ្នាំចិន អ្នកលក់ដូរនឹងនាំគ្នាមករៀបចំតូបលក់ទំនិញយ៉ាងព្រមព្រៀងគ្នា និងមានការរៀបចំតុបតែងក្រដាសពណ៌ និងគោមភ្លើងពណ៌ក្រហមគ្រប់ច្រកល្ហក ស្រស់ស្អាត និងភ្លឺចិញ្ចាច។

6 . China town ក្នុងទីក្រុង Vancouver ប្រទេស កាណាដា

ជាប់លំដាប់ជួរមុខៗគេរបស់ទីប្រជុំជនជនជាតិចិនដែលធំលេខ 3 របស់តំបន់អាមេរិកខាងជើង។ ការរីកធំធាត់របស់តំបន់ឆៃណា ថោននេះ កើតឡើងនៅពេលដែលលោក ទឹង សៀវ ភិង ប្រកាសប្រគល់ឯករាជ្យដល់កោះហុងកុងឱ្យត្រឡប់ចូលមកក្នុងរង្វង់ដៃរបស់ប្រទេសចិនវិញ។ ដោយក្ដីបារម្ភព្រួយខ្លាចជីវិតខ្លួនឯងមិនមានសុវត្ថិភាព ជនជាតិចិនចំនួនដ៏ច្រើនក៏បានភៀសខ្លួនចូលមករស់នៅក្នុងទីក្រុង វេនឃូវើរ ហើយបច្ចុប្បន្ន គេឃើញមានហាងលក់ទំនិញស្ទីលបែបចិនៗជាច្រើន។

7 . China town ក្នុងរដ្ឋ San Francisco ប្រទេស សហរដ្ឋអាមេរិក

បើសិនទៅថតរូបស្ពាន Golden Gate កុំភ្លេចឆៀងចូលទៅលេងឆៃណា ថោនផងណា៎ នៅទីនោះមានប្រជាជនចិនចូលមករស់នៅជាង 160 ឆ្នាំមកហើយ ទើបអាចរាប់បានថា ជា China town ដែលចំណាស់បំផុតក្នុងតំបន់អាមេរិកខាងជើង។ ទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Golden Gate Fortune Cookie Factory ជារោងចក្រដែលស្ថិតក្នុងអគារតូចមួយក្នុងច្រកផ្លូវ Ross Alley។ នៅពេលលោកអ្នកដើរចូលទៅជិត នឹងបានធំក្លិនក្រអូបឈ្ងុយរបស់នំឃុកគីដែលត្រៀមជាស្រេចសម្រាប់ឱ្យលោកអ្នកទទួលទានបែបថ្មីៗក្ដៅៗទើបចេញពីឡដុត។

8 . China town ក្នុងទីក្រុង London ប្រទេស អង់គ្លេស

តំបន់ឆៃណា ថោនក្នុងទីក្រុង ឡុនដុន ឬដែលអ្នកទេសចរនាំគ្នាហៅថា តំបន់ សូហូ(Soho) អាចចាត់ទុកថាជាឆៃណា ថោនធំជាងគេបំផុតក្នុងទ្វីបអឺរ៉ុប។ ពេញទៅដោយហាងលក់ទំនិញ ហាងលក់ថ្នាំចិនសែ ភោជនីយដ្ឋានគ្រប់ជាតិសាសន៍ ស៊ុបភើរម៉ាឃេតដែលមានទំនិញនាំចូលត្រូវចិត្តជនជាតិអាស៊ីច្រើនបំផុត។ ចំណែកឯការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅទីនេះវិញ អាចនិយាយបានថា មិនចាញ់ទីណាៗទាំងអស់ មានទាំងការលោតម៉ុងសាយ ព្យុហយាត្រាសម្ដែងកាយវប្បកម្ម និងក្បាច់គុនដាវចិន និងអុចផាវលាន់ខ្ទរខ្ទារ ៕

Advertisement