ព្រះរាជវាំងសួនកុលាប Golestan ប្រទេស អ៊ីរ៉ង់

ព្រះរាជវាំង ហ្គោលេស្ថាន (Golestan Palace)​ ឬព្រះរាជវាំងសួនកុលាប នាទីក្រុង តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ត្រូវបានសាងឡើងកាលពីសតវត្សរ៍ទី​19 ក្នុងយុគសម័យរបស់ក្សត្រ ខ្វាចារ៍ (Qajar) ដើម្បីធ្វើជាកន្លែងប្រថាប់ផ្ទាល់ព្រះអង្គ គឺជាព្រះរាជវាំងដែលមានភាពធំទូលាយដ៏មហាសាល ព្រមជាមួយនឹងសួនបុប្ផាដ៏សែនស្រស់ស្អាត ស្រះទឹកពណ៌ខៀវខ្ចីដែលកសាងឡើងដោយ ថ្លើមថ្មក្នុងទីធ្លាជុំវិញ ក្រៅពីនេះនៅមានព្រះរាជតំណាក់ផ្សេងៗចំនួន 7អគារ ស្ថិុតនៅក្នុងបរិវេណជាមួយគ្នា ដែលអគារទាំងនោះមាន​លក្ខណៈបែបបុរាណ និងក្លាសស៊ីកបែបអឺរ៉ុបទៀតផង។

ពីដំបូង ព្រះរាជវាំង ហ្គោលេស្ថាន នេះ ជាសំណង់មួយដែលចំណាស់បំផុត គឺថយទៅក្រោយវិញតាំងពីសម័យរាជវង្ស សាហ្វាវីត កាលពីសតវត្សរ៍ទី​16 ដែលមានស្លាកស្នាមនៃគ្រោងសំណង់ដែលនៅសេសសល់​ គឺប៉មយាមខ្ពស់ (Citadel) សម្រាប់ឆ្លុះមើល​សត្រូវ និងកន្លែងងូតទឹកបែបតួកគី។ ចំណែកឯតួអគារដែលមានរចនាប័ទ្មបែបលោកខាងលិច ដែលមាននៅសល់ឱ្យយើងមើលឃើញនាពេលបច្ចុប្បន្ននេះ មានសាងសង់បន្ថែមចូលមក នៅពេលដែលក្សត្ររាជវង្សបន្ទាប់ចុងក្រោយរបស់ ពើរសៀ គឺរាជវង្ស ខ្វាចារ៍ និងក្សត្រ ណាហ្ស៊ើរ៏ អាល់ឌីន សាហ៍ ទ្រង់បានយាងទៅអឺរ៉ុប និងបានឃើញភាពរីកចម្រើន និងភាពស្រស់ស្អាតខាងស្ថាបត្យកម្មរបស់អឺរ៉ុបហើយ ទ្រង់មាន​អារម្មណ៍​ពេញព្រះទ័យជាខ្លាំង ទើបនាំសិល្បៈបែបអឺរ៉ុបទាំងនោះមកបូកផ្សំជាមួយនឹងប្រពៃណីរស់នៅ និងជីវិតរបស់ជនជាតិអ៊ីរ៉ង់ សាងសង់ជា​អគារឡើង​ ដែលមានដូចជា ព្រះរាជតំណាក់ នីអូក្លាសស៊ីកបែបអឺរ៉ុប ហ្គោលេស្ថាន មួយនេះឡើង ។

ព្រះរាជវាំង ហ្គោលេស្ថាន បច្ចុប្បន្ននៅតែប្រើប្រាស់ធ្វើជាកន្លែងសម្រាប់ទទួលភ្ញៀវសំខាន់ៗជាផ្លូវការ ជាពិសេស​បំផុត ភ្ញៀវកិត្តិយសអន្តរជាតិ។ ពីជាន់ក្រោមទៅដល់ជាន់លើ ត្រូវដើរឡើងតាមជណ្តើរឱ្យត្រូវតាមការកំណត់របស់​ខាងព្រះបរម​រាជវាំង ដែលផ្នែកខាងក្នុងត្រូវបានតុប​តែងដោយថ្លើមថ្មទាំងអស់ ហើយបន្ទប់ផ្សេងៗទៀតត្រូវបានអភិវឌ្ឍឱ្យក្លាយជាសារមន្ទីរដើម្បីអាចបើក​ឱ្យភ្ញៀវទេសចរចូល​ទស្សនាបាន និងមានការដាក់តាំងរៀបចំបង្ហាញយ៉ាងច្រើន រួមមាន គ្រឿងចានក្បាន ពែង កែវ ថូ រូបគំនូរដែលមើលទៅហាក់​ដូច​ជាមានជីវិតស្រស់ៗរស់រវើក ដែលគូរឡើងដោយដៃមនុស្សផ្ទាល់ វត្ថុសួយសារអារ-កមកពីប្រទេសផ្សេងៗ ​និងវត្ថុមានតម្លៃទៀតជា​ច្រើន។

អ្វីដែលទាក់ទាញកែវភ្នែកបំផុតនោះគឺ ព្រះរាជបល្ល័ង្កក្ងោក ដែលត្រូវបានដាក់តាំងនៅផ្នែកខាងក្រោយបំផុតនៃបន្ទប់ធំ ជាមួយព្រះទែនស័យនាដ៏ធំមួយដែលស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ ហើយកាលពីអតីតធ្លាប់ត្រូវបានប្រើប្រាស់ក្នុងពិធីបំពាក់មកុដទៀតផង​។ ក្រៅពីនេះ តួកៅអីរាជបល្ល័ង្កដែលប្រើប្រាស់ក្នុងការប្រារព្ធពិធីនេះ មានដាំគ្រាប់ត្បូងជាច្រើនគ្រាប់ពាសពេញតួកៅអី គឺជាស្នាដៃរបស់រោងចក្រដ៏មានឈ្មោះល្បីល្បាញមួយក្នុងទីក្រុង ដេលី ប្រទេសឥណ្ឌា ដែលត្រូវបានបញ្ជាឱ្យផលិត និងទិញដោយគណៈអ្នកការទូតអ៊ីរ៉ង់នាយុគសម័យ ណាឌើរ៏ សា (Nader Shah)។

បច្ចុប្បន្ន ភាពស្រស់ស្អាតគ្មានពីររបស់ព្រះរាជវាំង ហ្គោលេស្ថាន របស់អ៊ីរ៉ង់នេះ ត្រូវបានខាងអង្គការយូណេស្កូប្រកាសដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ផ្នែកវប្បធម៌ និងថ្មីៗនេះកាលពីឆ្នាំ2017 គេសង្ឃឹមថា នឹងមានអ្នកទេសចរធ្វើដំណើរមកទស្សនា និងថតរូបព្រះរាជវាំង ហ្គោលេស្ថាន ទុកជាអនុស្សាវរីយ៍កាន់ច្រើនឡើង៕

Advertisement