ទៅទស្សនាផ្កាសាគូរ៉ារដូវរងាឆ្នាំ2020 នៅជប៉ុន ជិតទីក្រុងតូក្យូ

ជាទូទៅ ក្នុង 1ឆ្នាំៗ ផ្កាសាគូរ៉ានៅក្នុងប្រទេសជប៉ុននឹងចាប់ផ្ដើមរីកក្នុងអំឡុងរដូវស្លឹកឈើលាស់ ក្រោយអស់រដូវរងា និងធាតុអាកាសចាប់ផ្ដើមកក់ក្ដៅឡើង ឬប្រមាណចុងខែមីនា ដល់ដើមខែមេសា តែក៏មានសាគូរ៉ាមួយផ្នែកឆាប់រីកឡើងដែរ ដែលជនជាតិជប៉ុនហៅថា Hayazaki Sakura ឬសាគូរ៉ាឆាប់រីក ដែលសាគូរ៉ាប្រភេទនេះគឺជាសាគូរ៉ាពូជ ខាវ៉ាស៊ុ សាគូរ៉ា និងខូស៊ុសាគូរ៉ា ដែលនឹងចាប់ផ្ដើមរីកឡើងតាំងពីពាក់កណ្ដាលខែកុម្ភៈ ដល់ខែមីនា ដែលនៅប្រទេសជប៉ុនគឺជារដូវរងានៅឡើយ។ អាចហៅបានថា ជាសាគូរ៉ាខុសរដូវ ដែលរីកមុនរដូវកាលមកដល់។

សម្រាប់អ្នកដែលចង់ទៅទស្សនា ផ្កាសាគូរ៉ារដូវរងានៅប្រទេសជប៉ុន ក៏អាចទៅទស្សនាបានច្រើនកន្លែងដែរ ថែមទាំងនៅមិនឆ្ងាយពីទីក្រុងតូក្យូទៀតផង…។

1.Kawazu Sakura Festival 2020 -ខេត្ត ស៊ិស៊ុអូកា

នាំគ្នាមកដើរលេងប្រទេសជប៉ុន ទស្សនាផ្កាសាគូរ៉ា នៅខេត្តស៊ិស៊ុអូកា ជាមួយពិធីបុណ្យទស្សនាផ្កាសាគូរ៉ារីកលើកដំបូងប្រចាំឆ្នាំដែលល្បីល្បាញបំផុត Kawazu Sakura Festival នៅតាមមាត់ទន្លេ ខាវ៉ាស៊ុ ដែលទីនេះ គឺជាដើមកំណើតរបស់ដើមផ្កា ខាវ៉ាស៊ុ សាគូរ៉ា ឬសាគូរ៉ាឆាប់រីក។ នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេចម្ងាយ 3គីឡូម៉ែត្រ នឹងមានដើមផ្កាសាគូរ៉ាដុះរៀងគ្នាជាជួរជាង 8,000ដើម សម្លឹងមើលទៅខាងណា ក៏មានតែពណ៌ផ្កាឈូក ស័ក្តិសមសម្រាប់គូស្នេហ៍ដែលជុំវិញខ្លួនពោរពេញដោយពណ៌នៃសេចក្ដីស្នេហា។ ឡារ៉ែនសូុមណែនាំថា គួរបបួលគូស្នេហ៍ បបួលលោកឪពុកអ្នកម្ដាយ មកទស្សនាផ្កាសាគូរ៉ានៅទីក្រុងនេះ ធានាថា ច្បាស់ជារំភើបចិត្តមិនខាន។

2.Minami Sakura and Nanohana Festival 2020-ខេត្ត ស៊ិស៊ុអូកា

ជាពិធីបុណ្យទស្សនាផ្កាសាគូរ៉ាឆាប់រីក ឬសាគូរ៉ាខុសរដូវមួយទៀតក្នុងខេត្តស៊ិស៊ុអូកាដដែល គឺពិធីបុណ្យ Minami Sakura and Nanohana Festival 2020 ព្រោះទីនេះមិនមែនមានតែផ្កាសាគូរ៉ាប៉ុណ្ណោះទេ តែយើងនៅអាចទស្សនាផ្កា ណាណូហាណា បានទៀតផង ដោយផ្កាណាណូហាណា ជាផ្កាដែលមានពណ៌លឿងស្រស់ស្រាយ ពេលដាំជិតៗដើមសាគូរ៉ា និងមានផ្ការីកដំណាលគ្នាផងនោះ វានឹងក្លាយជាទិដ្ឋភាពផ្កាដែលមានទាំងពណ៌ផ្កាឈូក និងពណ៌លឿងមើលទៅស៊ីគ្នាល្អឥតខ្ចោះ។ ទីនេះជាទីតាំងទស្សនាផ្កាសាគូរ៉ាខុសរដូវដែលស្រស់ស្អាត និងស្ងប់ស្ងាត់មួយទៀត ស័ក្តិសមក្នុងការដើរលេងកម្សាន្ត និងថតរូបខ្លាំងបំផុត។

3.Miura-kaigan Sakura Festival 2020-ខេត្ត ខាណាកាវ៉ា

តមកទៀតគឺ Miura-kaigan Sakura Festival ពិធីបុណ្យទស្សនាផ្កាសាគូរ៉ារដូវរងា ដែលស្ថិតនៅក្នុងខេត្ត ខាណាកាវ៉ា។ ពិធីបុណ្យនេះរៀបចំឡើងនៅត្រង់បរិវេណផ្លូវដើរដែលពោរពេញទៅដោយដើមសាគូរ៉ានៅជិតស្ថានីយរថភ្លើង ព្រមជាមួយការតុបតែងលម្អដោយទង់ជាតិ និងគោមភ្លើង។ ពេលថតរូបចេញមក យើងនឹងបានរូបភាពផ្លូវថ្នល់ដែលកោងសណ្ដូកវែងពណ៌ផ្កាឈូក មើលទៅស្រស់ស្អាតបំផុត។

4.Ichi-no-srki Harane 2020-ខេត្តខាណាកាវ៉ា

ជាបរិវេណចង្កេះភ្នំ Nuda ក្នុងខេត្ត ខាណាកាវ៉ា ជាទីកន្លែងដែលដាំដើមសាគូរ៉ាពូជ ហារ៊ុមេគិ(Harumeki)ដែលជាផ្កាសាគូរ៉ាពូជថ្មី ទើបតែបានទទួលការចុះបញ្ជីកាលពីឆ្នាំ2000។ សាគូរ៉ានៅក្នុងតំបន់នេះបានទទួលការដាំដុះ និងស្ថិតនៅក្រោមការមើលថែទាំរបស់អង្គការក្នុងប្រទេសជប៉ុន ដែលពេលមកដល់អំឡុងពាក់កណ្ដាលខែមីនា ហារ៊ុមេគិ សាគូរ៉ា ជាង 120ដើម ក៏នឹងចេញផ្កាពណ៌ផ្កាឈូករីកស្គុះស្គាយពេញទីនោះ។ ជាទីតាំងទស្សនាផ្កាសាគូរ៉ាមួយទៀតដែលអ្នកណាបានមកដល់ហើយត្រូវតែជញ្ជក់មាត់សរសើរគ្រប់គ្នា៕

Advertisement