ប្រទេស​ថៃ​នឹង​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 រួចរាល់

អ្នក​ដំណើរ​នៅ​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ នា​ទីក្រុង​បាង​កក​ កាលពី​ឆ្នាំ​ 2020

អាជ្ញាធរ​ថៃ​ទំនងជា​នឹង​លុបចោល​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 រួចរាល់ ក្នុង​បំណង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ។

ប្រការ​ខាងលើនេះ​នឹង​អាចធ្វើ​ទៅបាន លុះត្រាតែ​អ្នក​ទេសចរណ៍​បង្ហាញ​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង Covid-19 ប៉ុន្តែ សមត្ថកិច្ច​នឹង​នៅតែ​តាមដាន​ពួកគេ នេះ​បើតាម​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha ដែល​បាន​ថ្លែង​ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី 23 កុម្ភៈ។ រដ្ឋាភិបាល​នឹង​ពិនិត្យ​ល្អិតល្អន់​មុននឹង​អនុវត្តតាម​ការកំណត់។

ប្រទេស​ថៃ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinovac Biotech និង AstraZeneca នៅក្នុង​ប្រទេស​នេះ ព្រមទាំង​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន 63 លាន​ដូ​ស ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​ផងដែរ។ ថៃ​នឹង​ទទួលបាន​វ៉ាក់សាំង Sinovac លើកដំបូង​ចំនួន 2 លាន​ដូ​ស នៅក្នុង​ថ្ងៃនេះ។

ប្រទេស​ថៃ​ក៏​នឹង​នាំចូល​វ៉ាក់សាំង​ប្រឆាំង Covid-19 ពី​ក្រុមហ៊ុន​ដទៃទៀត​នាពេលខាងមុខ ប៉ុន្តែ រដ្ឋាភិបាល​នឹង​គ្រប់គ្រង​វ៉ាក់សាំង​ទាំងនោះ​នៅក្នុង​ដំណាក់កាល​ដំបូង។

ប្រទេស​ថៃ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​ជាង 25,000 នាក់ ក្នុងនោះ​មាន 83 នាក់​បាន​ស្លាប់ ប៉ុន្តែ​ប្រទេស​នេះ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែលមាន​ករណី​ឆ្លង​ទាប។ យ៉ាងនេះ​ក្ដី វិស័យ​ទេសចរណ៍​របស់​ថៃ ក៏​នៅតែ​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ Covid-19។

លទ្ធផល​នៃ​ការស្រាវជ្រាវ​កាលពី​ខែ​មុន​របស់​អាជ្ញាធរ​ទេសច​រណ៍​ថៃ (Tourism Authority of Thailand/TAT) បាន​បង្ហាញថា ក្រុមហ៊ុន​ដែល​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ 34.7% បាន​បិទទ្វារ ឬ​ផ្អាក​ដំណើរការ។ ប្រទេស​ថៃ​បាន​បើកទ្វារ​ទទួល​ទេសចរ​ចាប់ពី​ខែធ្នូ ឆ្នាំ 2020 ប៉ុន្តែ អ្នក​ទេសចរណ៍​ដែល​មកដល់​ប្រទេស​នេះ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល 14 ថ្ងៃ៕

ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា

Advertisement