សូម​បង្កើន​ការប្រុងប្រយ័ត្ន! កម្ពុជា អាច​នឹងមាន​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្លាំង ចាប់ពី​ថ្ងៃទី 21-27 កក្កដា

(ភ្នំពេញ)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ស្ថានភាព​អាកាសធាតុ​នៅ កម្ពុជា ចាប់ពី​ថ្ងៃទី 21 ដល់ 27 ខែកក្កដា ឆ្នាំ 2021។

ក្រសួង​បញ្ជាក់ថា នៅ​សប្តាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល៖

* ពីថ្ងៃ​ទី 21-22 ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​ខ្លាំង, ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់ និង​ព្យុះ​លើក​ទី7 សេ​ម៉ា​កា (CEMPAKA)
* ពីថ្ងៃ​ទី 23-27 ខែកក្កដា ទទួល​ឥទ្ធិពល​ពី​មូសុង​និរតី​កម្រិត​ខ្លាំង, ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន និង​ប្រព័ន្ធ​សម្ពាធ​ទាប។

ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ៖

1៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល

* សីតុណ្ហភាព​អប្បបរមា មាន​ពី 22-25 °C
* សីតុណ្ហភាព​អតិបរមា មាន​ពី 28-31 °C
* នឹង​អាចមាន​ភ្លៀង​មធ្យម​ទៅ​បង្គរ លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។ លើកលែងតែ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​មធ្យម លាយឡំ​ខ្យល់​កន្ត្រាក់​បក់​ខ្លាំង ។

2៖ បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន

* សីតុណ្ហភាព​អប្បបរមា​មាន​ពី 22-25 °c
* សីតុណ្ហភាព​អតិបរមា មាន​ពី 27-30 °C
* អាចមាន​ភ្លៀង​ពី​កម្រិត​បង្ហូរ​ទៅ​ច្រើន ផ្គរ រន្ទះ​តិចតួច លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿនខ្លាំង​ពិសេស នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ់ ជួរ​ភ្នំ​ដងរែក និង​បណ្តា​ខេត្ត ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ។

3៖ តំបន់​មាត់សមុទ្រ

* សីតុណ្ហភាព​អប្បបរមា មាន​ពី 21-24°C
* សីតុណ្ហភាព​អតិបរមា មាន​ពី 25-28 °C
* អាចមាន​ភ្លៀង​ពី​កម្រិត​បង្គរ​ទៅ​ច្រើន ផ្គរ រន្ទះ​បង្គរ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ក្នុង​លឿន​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់។ ទន្ទឹម​នោះ​លទ្ធភាព​នៃ​ជំនន់​ទឹកភ្លៀង (Flash Flood) ក៏មាន​ភាគរយ​ខ្ពស់​ផងដែរ។

ក្រសួង​បន្តថា អាស្រ័យ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​បងប្អូន​ប្រជា​នេសាទ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់៕

Advertisement