ករណី «រំលោភ​សម្លាប់» នៅ​សង្កាត់​អូរ​ស្មាច់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន ៣ នាក់

(ឧ​ត្ត​រ​មានជ័យ)-នៅ​ថ្ងៃទី ១៨ មេសា ២០២២ កម្លាំង​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ស្រាវជ្រាវ និង​បាន​បំបែកសំណុំរឿង​ឃាតកម្ម «រំលោភ​សម្លាប់» នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ការ​បំបែកសំណុំរឿង​ឃាតកម្ម​បាន​ជោគជ័យ ក៏ដោយ​មានការ​ណែនាំ​ពី​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សម្របសម្រួល​ពី ឯកឧត្តម តូច សុភ​ក្ដី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២ នាក់ ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ភាក់ សីហា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ នៅ​ភូមិ​អូ​ពក សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ម្នាក់ទៀត​ឈ្មោះ ភា​ជ សុជាតិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ បាន​សារភាពថា នៅមាន​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព។ មកដល់​វេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី ១៩ មេសា ២០២២ ជនសង្ស័យ​ម្នាក់ទៀត​ដែលមាន​ឈ្មោះថា ត្រ​យ ចិ​ត្រា ភេទ​ប្រុស អាយុ ១៥ ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន។

ជនសង្ស័យ​ទាំង ៣ នាក់​នេះ បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លប​ស្ទាក់ចាប់​ជនរងគ្រោះ​នៅតាម​ផ្លូវ ដើម្បី​យកទៅ​រំលោភ និង​សម្លាប់ ហើយ​បោះ​ចូលទៅក្នុង​ទឹកអូរ​ពិតប្រាកដ​មែន។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ មេសា ២០២២ វេលា​ម៉ោង​ប្រហែល ២៣ និង ០០ នាទី នៅ​ចំណុច​មាត់​អូរ​ខាងត្បូង​ភូមិ ស្ថិត​ក្នុងភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ករណី​រំលោភ​សម្លាប់​ដែល​បង្កឡើង​ដោយ​ដៃដល់​មិន​ស្គាល់​អត្តសញ្ញាណ។ ជនរងគ្រោះ​ឈ្មោះ ឡុង គឹម​ឡាយ ភេទ​ស្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ត្រូវបាន​ជនដៃដល់ ចាប់​យកទៅ​រំលោភ និង​សម្លាប់ ហើយក៏​ត្រូវ​បោះ​ចូលទៅក្នុង​ទឹកអូរ​ខាងត្បូង នៃ ភូមិ​ចំការចេក។

ប្រភព​ព័ត៌មាន​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន នាំទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​កាត់ទោស​នៅ​សាលាដំបូង​ខេត្ត៕

Advertisement