រដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​កន្លែង​សាធារណៈ ខណៈ​តួលេខ​កូវីដ-១៩ ធ្លាក់​ចុះ​ទាប​ខ្លាំង

ក្រោយ​ករណី​ឆ្លង​កូ​វីដ-១៩ បាន​ធូរស្បើយ រដ្ឋាភិបាល​កម្ពុជា សម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ ដែល​ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ប្រឆាំង​កូ​វីដ-១៩ និង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​ល្ងាច​ថ្ងៃទី ២៥ មេសា ២០២២។

សារ​សំឡេង នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស​នៅ​ទូទាំងប្រទេស ចំពោះ​ទីកន្លែង​សាធារណៈ និង​កន្លែង​ចំហ​នានា ក្រៅតែពី​កន្លែង​បិទ​ជិត ដោយ​ទុកឱ្យ​ប្រជាជន​ទាំងអស់​សម្រេចចិត្ត​ដោយ​ខ្លួនឯង ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់»។

ប្រមុខ​រដ្ឋាភិបាល ក៏បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន និង​កន្លែង​ដែលមាន​ករណី​សង្ស័យថា​មាន​កូ​វីដ-១។ សម្ដេច ក៏​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ ព្រោះ​នៅមាន​មនុស្ស​រាប់លាន​នាក់​មិនទាន់បាន​ចាក់​ដូ​ស​ទី ៣ នេះ។ ក្នុងករណី​សង្ស័យថា​អាច​ឆ្លង​កូ​វីដ-១៩ ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើតេស្ត​រហ័ស​ដើម្បី​ជៀសវាង​កើត​ជំងឺ​ធ្ងន់ធ្ងរ។

ចំពោះ​ដូ​ស​ជំរុញ​ទី ៥ សម្តេច​តេ​ជោ ថ្លែងថា នាពេលខាងមុខ​នឹងមាន​ការពិនិត្យ​លទ្ធភាព​ដើម្បី​ចាក់​ជូន​ក្រុមមន្ត្រី​ជួរមុខ និង​អ្នក​អាទិភាព​ផ្សេងទៀត។

ទាក់​ទង​នឹង​តួលេខ​វិជ្ជមាន​នឹង​កូវីដ-១៩ នៅ​ កម្ពុជា គិត​ត្រឹម​​ថ្ងៃទី​ ២៤ មេសា មានអ្នក​វិជ្ជមាន​សរុប​​ជាង​ ១៣១,០០០​ នាក់​ ក្នុង​នោះ​មាន​ ៣,០៥៦​ នាក់បាន​ស្លាប់។ ក្នុង​​អំឡុង​ ២៤ ម៉ោង​​នៃ​ថ្ងៃទី ២៤ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ត្រឹម​តែ​ ១២ នាក់​ប៉ុណ្ណោះ​​។

ចំណែក​អត្រា​នៃ​ការចាក់វ៉ាក់សាំងនៅ កម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ រួម​មាន៖

– អាយុ ១៨ ឆ្នាំ ឡើងទៅ = ១០២.៨៦%
– អាយុ ១២-១៧ ឆ្នាំ = ១០០.២៧%
– អាយុ ០៦-១១ ឆ្នាំ = ១០៨.១៧%
– អាយុ ០៥ ឆ្នាំ = ១២៦.៧៥%

Advertisement