ខ្យល់​កន្ត្រាក់​ខ្លាំង​នៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ផ្ទះ​ជាង ១០០ ខ្នង រក​ការខូចខាត

កាលពី​ល្ងាច​ថ្ងៃទី ២៨ មេសា ២០២២ មាន​ហេតុការណ៍​ខ្យល់​បោកបក់​ខ្លាំង ព្រម​ជាមួយនឹង​ភ្លៀង​ធំ បានធ្វើឱ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១១០ ខ្នង ក្នុង​តំបន់​មួយចំនួន​របស់ ស្រុក​ម៉ាឡៃ នៃ ខេត្តបន្ទាយមានជ័យ ត្រូវ​រង​ការខូចខាត។

គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​ចំនួន ៣ នៃ​តំបន់​ខាងលើ ក្នុងនោះ​ក៏មាន ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ-ឈ្នះ របស់ ឃុំ​ទួល​ពង្រ ផងដែរ ដែលមាន​ផ្ទះ​ចំនួន ៥៥ ខ្នង​បាន​រង​ផលប៉ះពាល់។ នេះ​បើតាម លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ។ លោក​បាន​បន្ថែមថា ពុំមាន​ករណី​រងគ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​រងរបួស​នោះឡើយ នៅក្នុង​ហេតុការណ៍​នេះ។

យោងតាម​លោក​អភិបាលស្រុក​ម៉ាឡៃ ក្រោយ​កើតហេតុ​ការណ៍​នេះ អាជ្ញាធរ​មូលដ្ឋាន​រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច បាន​ចុះជួយ​រៀបចំ ជួសជុល សាងសង់​ផ្ទះ​ជូន​ប្រជាជន​ជាបណ្ដើរៗហើយ។ លោក​ថា ជំនួយ​ជា ស័ង្កសី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ជាដើម ក៏​ត្រូវបាន​នាំយកទៅ​ចូលរួមចំណែក​ជួយ​ដល់​ជីវភាព​របស់​ពួកគាត់​ផងដែរ។

Advertisement