អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះមួយ​ និង​ទ្រព្យសម្បត្តិ​ទាំង​អស់​​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួ​នៅ​ស្រុក​ថ្ពង

(កំពង់ស្ពឺ)-កាលពី​ថ្ងៃទី ៨ ឧសភា ២០២២ វេលា​ម៉ោងជាង ២២ និង ១០ នាទី មាន​ករណី​អគ្គិភ័យ​មួយ​ធ្វើឱ្យ​ផ្ទះ ១ ខ្នង និង​ទ្រព្យ​ជាច្រើន​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួ ស្ថិតនៅ​ភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ត្រូវ​បាត់បង់​គ្មាន​សល់ នេះ​បើតាម អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។

ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ខា​លើ ដែលមាន​ឈ្មោះថា ផន ខន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវ​រងរបួស ហើយ​ផ្ទះ​របស់គាត់​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​អស់​គ្មាន​សល់។

សមត្ថកិច្ច​ឱ្យដឹងថា ផ្ទះ​របស់​ជនរងគ្រោះ មាន​ទំហំ ៦ម​x៨ម ធ្វើ​ពី​ឈើ ប្រក់​ក្បឿង ថ្ម​ក្រោម។ ក្រៅពី​ផ្ទះ  ករណី​អគ្គិភ័យ​នេះ​ក៏បាន​ឆេះ​មាស​របស់​ម្ចាស់ផ្ទះ​អស់ ៣ តំឡឹង, ប្រាក់​ដុល្លារ​អស់ ៨,០០០ ដុល្លារ ,ប្រាក់រៀល​អស់ ១០,០០០,០០០ រៀល, ស្រូវ​ចំនួន ១ តោន និង​អង្ករ ១០០ គីឡូក្រាម ព្រមទាំង​សៀវភៅ​ស្នាក់នៅ(ក២), អត្តសញ្ញាណប័ណ្ណ និង​សម្ភារៈ ឯកសារ​ជាច្រើន​ផ្សេងទៀត​ផងដែរ។

មូល​ហេតុដែល​បណ្ដាល​កើតមាន​អគ្គិភ័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ក្នុង​តំបន់​ប​ញ្ជា​ក់ថា គឺ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ៕

Advertisement