សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី «សម្លាប់​មុន រំលោភ​ក្រោយ»

(សៀមរាប)-សមត្ថកិច្ច​ខេត្តសៀមរាប នា​ថ្ងៃទី ១១ ខែឧសភា​នេះ បាន​បញ្ជូន​បុរស​ម្នាក់​ទៅកាន់​តុលាការ ដោយ​ជាប់​​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​សម្លាប់​ហើយ​រំលោភ។

ជនសង្ស័យ​ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ ដោយយោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ខ្វាវ លំ ភេទ​ស្រី អាយុ ៦៨ ឆ្នាំ ត្រូវជា​ជីដូន​របស់​សព​នារី​រងគ្រោះ ដែលមាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ដើមបណ្ដឹង​បានឱ្យដឹងថា នៅ​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២១ កន្លះ ចៅស្រី​របស់គាត់​ឈ្មោះ ផុន ឃីម ភេទ​ស្រី អាយុ ១៣ ឆ្នាំ បាន​ចេញទៅ​ឆ្លុះ​កង្កែប​តែម្នាក់ឯង​នៅក្នុង​ភូមិ បាន​ប្រហែល​មួយសន្ទុះ​គាត់​ក៏​ឃើញ​ចៅស្រី​របស់គាត់​បាន​យក​កង្កែប​មក​ទុក​នៅផ្ទះ។

លោកយាយ​របស់​ក្មេងស្រី​រងគ្រោះ​រៀបរាប់ថា នៅ​យប់​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២១ កន្លះ ចៅស្រី​របស់គាត់​បាន​ទៅ​ឆ្លុះ​រក​កង្កែប រហូតដល់​ម៉ោង ៣ ទៀបភ្លឺ ទើប​គាត់​ដឹងថា ចៅស្រី​មិនទាន់​ត្រលប់មក​ផ្ទះ ពេលនោះ​គាត់​ក៏​ស្រែកហៅ​ឱ្យ​អ្នកជិតខាង​ជួយ​តាមរក។ ដល់​ម៉ោង ៥ ភ្លឺ ទើប​រកឃើញ​ចៅស្រី​របស់គាត់ ដេកស្លាប់​នៅលើ​វាលស្រែ។

លោកយាយ​របស់​ក្មេងស្រី​រងគ្រោះ​បញ្ជាក់ថា បុរស​ឈ្មោះ វឿ គឺជា​អ្នក​ដែល​បាន​ប្រាប់​ចៅស្រី​របស់គាត់​ថា នៅ​ខាងលិច​ភូមិ​មាន​កង្កែប​ច្រើនណាស់ នេះ​បើ​តាម​ទំព័រ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ក្រោយពី​ត្រូវបាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ជ្រមុជ​ទឹក​ឱ្យស្លាប់ មុននឹង​យក​សាកសព​ទៅ​រំលោភ ហើយក៏​បោះ​សាកសព​ទៅក្នុង​ទឹក៕

Advertisement