រាជរដ្ឋាភិបាល​កម្ពុជា មិន​គិតលុយ​ពី​ពលរដ្ឋ​ដាច់ខាត ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩

(ភ្នំពេញ)-ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបីជា​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់​ប្រជាពលរដ្ឋ រហូតដល់​ដូ​ស​ទី ១០ ក៏ដោយ ក៏​រដ្ឋាភិបាល​នៅតែ​មិន​យកប្រាក់​ពី​ប្រជាពលរដ្ឋ​ជាដាច់ខាត។

ប្រសាសន៍​របស់ សម្ដេច តេ​ជោ ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) នៅ​ថ្ងៃទី ១៧ ឧសភា​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល ថ្លែងថា កម្ពុជា ប្រហែលជា​មិន​ទទួលបាន​​ជោគ​ជ័យ​​នោះ​ឡើយ បើសិនជា​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ទៅតាម​ប្រទេស​មួយចំនួន។

គិត​មកដល់​បច្ចុប្បន្ន កម្ពុជា ទទួលបាន​វ៉ាក់សាំង​កូ​វីដ-១៩ សរុប​ប្រមាណ ៥២ លាន​ដូ​ស​រួចហើយ ក្នុងនោះ​វ៉ាក់សាំង​ដែល​ទិញ​ដោយ​ខ្លួនឯង​មាន​ជាង ២៨ លាន​ដូ​ស។ ពេលនេះ កម្ពុជា មាន​វ៉ាក់សាំង​ក្នុង​ដៃ​ប្រមាណ ៩ លាន​ដូ​ស​ទៀត សម្រាប់​បន្ត​ចាក់​ជូន​ពលរដ្ឋ និង​កំពុង​រង់ចាំ​វ៉ាក់សាំង​ដែល កម្ពុជា បាន​បញ្ជា​ទិញ ក៏ដូចជា​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​បរទេស។

Advertisement