ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ស្នើឱ្យ​​ពន្លឿន​ការ​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូ​វីដ-១៩ គ្រា​ដែល​មាន​ករណី​រោង​ចក្រ​នៅ​ អាហ្វ្រិក មិន​មាន​អតិថិ​ជន​

បន្ទាប់ពី​បាន​សង្កេតឃើញថា ក្រុមហ៊ុន​ដែល​បានទទួល​អាជ្ញាប័ណ្ណ​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ កម្ពុជា ហាក់​មិនទាន់មាន​សកម្មភាព សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ ព​ន្លឿ​ន​ដំណើរការ​នៃ​ការស្ថាបនា​នេះ ស្រប​ពេលដែល​ភាគី​ខាង​ចិន កំពុង​ទន្ទឹងរង់ចាំ​ចម្លើយ។

ខាងលើនេះ​គឺជា​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ជ្រោយចង្វារ កាលពី​ថ្ងៃទី ១៧ ខែឧសភា។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែងថា ពុំទាន់​ឃើញ​មាន​សកម្មភាព​អ្វី​សោះ ទាក់ទង​នឹង​ការបង្កើត​រោងចក្រ​ខាងលើ។ សម្ដេច​តេ​ជោ ឱ្យដឹងថា បើសិន​មិន​ធ្វើ អាជ្ញា​បណ្ណ​នេះ​នឹងត្រូវ​ប្រគល់ឱ្យ​ក្រុមហ៊ុន​ដទៃ។ សម្ដេច បញ្ជាក់ថា រោងចក្រ​នេះ​នៅពេល​អនាគត មិន​ត្រឹមតែ​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ នោះទេ តែ​ក៏​អាច​ផលិត​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ​ដទៃ​បាន​ទៀតផង។

បច្ចុប្បន្ន រលក​នៃ​ការឆ្លង​រាតត្បាត​របស់ កូ​វីដ-១៩ ក្នុង​ពិភពលោក បាន​ឈាន​ចូលដល់​ដំណាក់កាល​ធូរស្រាល​ជាង​មុន ធ្វើឱ្យ​ប្រទេស​ជាច្រើន​ដក​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត ហើយ​ការភ័យខ្លាច​របស់​ពល​រដ្ឋ​របស់​ប្រទេស​មួយចំនួន​ក៏បាន​ថយចុះ នាំឱ្យ​ការចាក់​វ៉ាក់សាំង​ត្រូវមាន​ភាពយឺតយ៉ាវ មិន​សម្រេច​ដល់​គោលដៅ​ដែល​បាន​គ្រោងទុក។ បញ្ហា​នេះ​បាន​បណ្ដាលឱ្យ​ការបញ្ជាទិញ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ របស់​បណ្ដា​ប្រទេស​ត្រូវបាន​កាត់បន្ថយ ធ្វើឱ្យ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ខ្លះ​លក់​មិន​ដាច់​ដូច​មុន។

រោង​ចក្រ​ផលិតវ៉ាក់សាំង​នៅ​ អាហ្វ្រិក​ខាង​ត្បូង

ក្រុមហ៊ុន​ផលិត​ឱសថ Aspen Pharmacare របស់ ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែ​វិច្ឆិកា​​ ឆ្នាំ​ ២០២១​ សម្រាប់​ការលក់ និង​ចែកចាយ​វ៉ាក់សាំង របស់​ក្រុមហ៊ុន​អាមេរិក Johnson & Johnson នៅ​ទូទាំង​ទ្វីបអាហ្វ្រិក។ ប៉ុន្តែ មកដល់ពេលនេះ កិច្ចព្រមព្រៀង​នេះ​ហាក់​កំពុង​ជួប​ឧបសគ្គ​ធំ។

«មិនមាន​ការបញ្ជាទិញ​សម្រាប់​វ៉ាក់សាំង Aspenovax (វ៉ាក់សាំង​របស់ Johnson & Johnson) ទេ។ បើ​យើង​មិន​ទទួលបាន​ការបញ្ជាទិញ​វ៉ាក់សាំង ដូច្នេះ​វា​ច្បាស់​ណាស់​ថា លទ្ធភាពនៃ​​​ការរក្សា​​សកម្មភាព​​ផលិត​គឺ​មាន​តិច​តួច​ណាស់» លោក Stavros Nicolaou អគ្គនាយក​ក្រុមហ៊ុន Aspen Pharmacare កាលពី​ដើម​ខែ​នេះ​បាន​រៀបរាប់​ដូច្នេះ៕

Advertisement