ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លើង ចន្លោះ​ពីថ្ងៃ​ទី ១០ ដល់ ១២ សីហា

តាមរយៈ​សេចក្ដីជូនដំណឹង​ស្ដីពី ស្ថានភាព​ធាតុអាកាស ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បានឱ្យដឹងថា នៅ​ចន្លោះ​ថ្ងៃទី ១០ និង​ទី ១៣ សីហា កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធា​ទាប ដែល​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​នៃ ប្រទេស​ថៃ ឡាវ និង វៀតណាម រួម​នឹង​ឥទ្ធិពល​ព្យុះ​ទី ៧ ដែលមាន​ឈ្មោះថា មូ​ឡេ​ន ដែល​កំពុង​ឆ្ពោះទៅ​ភាគ​ខាងជើង​នៃ ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១១ សីហា។

នៅក្នុង​អំឡុងពេល​នោះដែ​រ កម្ពុជា ក៏​នឹង​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ដែល​បក់បោក​លើ​តំបន់​មាត់សមុទ្រ។

នៅ​ចន្លោះ​ទី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ សីហា តំបន់​មួយចំនួន​របស់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លើង ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន។ ដូច្នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ដែលមាន​ហានិភ័យ​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​អាកាសធាតុ​ខាងលើ សូមមេត្តា​ប្រុងប្រយ័ត្ន៕

Advertisement