វៀតណាម ស្នើឱ្យ កម្ពុជា ជួយ​សហការ​ស៊ើបអង្កេត​ក​រ​ណី ជនជាតិ​វៀតណាម រត់គេច​ពី​កាស៊ីណូនៅ កម្ពុជា

អាជ្ញាធរ​វៀតណាម ស្នើ កម្ពុជា ជួយ​សហ​ការ ​ស៊ើបអង្កេត​រក​​មូលហេតុ​ដែលនាំឱ្យ ជនជាតិ​វៀតណាម ៤២ នាក់ រត់គេច​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន នេះ​បើតាម​សារព័ត៌មាន​វៀតណាម VNexpress ស្រង់​ព័ត៌មាន​ពី ក្រសួងការបរទេស​វៀ​ត​ណា​ម ចេញផ្សាយ​នា​ព្រឹក​ថ្ងៃទី ២០ សីហា។

វៀតណាម បាន​ទាក់ទង​ទៅកាន់ អាជ្ញាធរ​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​នេះ និង​ស្នើឱ្យ​ត្រួតពិនិត្យ​ទីតាំង​មួយ​នៅក្នុង ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang និយាយ​អំពី​ព័ត៌មាន​ស្ដីពី​ពលករ​វៀតណាម ៤២ នាក់ ដែល​បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅ កម្ពុជា។

លោកស្រី Hang ឱ្យដឹងថា វៀតណាម បានស្នើ​ឱ្យ កម្ពុជា ជួយ​តាមរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន និង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ហេតុការណ៍​នេះ។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ព្រមាន​អំពី​ស្ថានភាព ជនជាតិ​វៀតណាម ត្រូវគេ​មេខ្យល់​បោក​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ កម្ពុជា ក្នុង​រយៈពេល​កន្លង។ លោកស្រី Hang បញ្ជាក់ថា ជនជាតិ​វៀតណាម ជាង ៥០០ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​នាំ​ត្រលប់ទៅ​កាន់​​ប្រទេស​ដោយ​សុវត្ថិភាព និង​រាប់ពាន់នាក់​ទទួលបាន​ជំនួយ​ក្នុង​ការ​ធ្វើ​លិខិតស្នាម។

ការិយាល័យ​ការពារ​ព្រំដែន Long Binh ខេត្ត An Giang របស់ វៀតណាម កាលពី​ថ្ងៃទី ១៨ សីហា បាន​ចាប់ខ្លួន​មនុស្ស ៤០ នាក់ រួមមាន​ស្ត្រី ៥ នាក់ និង​បុរស ៣៥ នាក់ ព្រោះតែ​ឆ្លងដែន​ចូល​ទឹកដី​របស់ វៀតណាម ដោយ​ខុសច្បាប់។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​បានឱ្យដឹងថា មនុស្ស ៤២ នាក់ បាន​រត់គេចខ្លួន​ពី​កាស៊ីណូ នៅក្នុង ខេត្តកណ្ដាល និង​ហែល​ឆ្លងទន្លេ Binh Di ត្រលប់ទៅ​​ប្រទេស។ ប៉ុន្តែ ម្នាក់​ត្រូវ​ទឹក​គួច​បាត់​ខ្លួន និង​ម្នាក់​ត្រូវបាន​ខាង​កាស៊ីណូ​ចាប់​ត្រលប់​មកវិញ។

ក្រុម​ពលករ​វៀតណាម ដែល​រត់​គេច​ពីកាស៊ី​ណូ នៅ​ កម្ពុជា កំពុង​សម្រាក​នៅ​ក្នុង​ទីតាំង​មួយ​របស់​ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត An Giang កាលពី​ថ្ងៃទី ១៩ សីហា ២០២២

ជនជាតិ​វៀតណាម ខាងលើ បាន​សារភាពថា មុន​នោះ​ពួកគេ​បាន​ចូល​ទឹកដី​របស់ កម្ពុជា ដោយ​ខុសច្បាប់ ដើម្បី​ទៅធ្វើ​ការ​ក្នុង​កាស៊ីណូ​មួយចំនួន។ ដោយសារតែ​ត្រូវ​ធ្វើការ​លើសពី​ការកំណត់​របស់​ច្បាប់ មិនបាន​សម្រាក​គ្រប់គ្រាន់ និង​មិន​ទទួលបាន​ប្រាក់ខែ ពួកគេ​ក៏​នាំគ្នា​រក​វិធី​ឆ្លងដែន​ត្រលប់​ទៅ វៀតណាម វិញ។

សារព័ត៌មាន VNexpress បានឱ្យដឹងថា ថ្មីៗនេះ ជនជាតិ​វៀតណាម ជាច្រើន ត្រូវបាន​មេខ្យល់​បោក​យកមក កម្ពុជា ហើយ​លក់​ទៅឱ្យ​បន​ល្បែង​មួយចំនួន ឬ​ក្រុម​ជួញដូរ​ប្រាក់​ឌីជីថល​គ្រីប​តូ និង​ត្រូវ​រំលោភបំពាន​កម្លាំង​ពលកម្ម។ បើសិនជា​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ ពួកគេ​ត្រូវតែ​បង់ប្រាក់​ចាប់ពី ៣,០០០ ដល់ ៣០,០០០ ដុល្លារ​អាម៉េរិក។

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ចោទថា បន​ល្បែង​ដែល​រំលោភ​កម្លាំង​ពលកម្ម រឹបអូស​ទ្រព្យសម្បត្តិ​បុគ្គល ភាគច្រើន​​​ស្ថិតនៅក្នុង​ ក្រុង​បាវិត ខេត្តស្វាយរៀង, ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ, ជ្រៃ​ធំ ខេត្តកណ្ដាល និង ភ្នំពេញ។ ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ប៉ូលិស​វៀតណាម សហការ​ជាមួយ​សមត្ថកិច្ច​របស់ កម្ពុជា រំដោះ​ជនរងគ្រោះ​បាន​ជាង ២៥០ ករណី ដែល​ត្រូវបាន​ជនខិលខូច​បោក​មក​ធ្វើការ​នៅ កម្ពុជា ដោយ​ខុសច្បាប់៕

Advertisement