នាយករដ្ឋមន្ត្រីថៃ ប្រកាសពីមូលហេតុដែលនាំឱ្យមានករណីមន្ត្រីយោធាបាញ់រះសម្លាប់មនុស្ស 26នាក់

នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងថា នាយទាហានថ្នាក់ព្រឹន្ទបាលម្នាក់ឈ្មោះ Jakrapanth Thomma ដែលបានបាញ់រះសម្លាប់មនុស្សអស់ 26នាក់ កាលពីថ្ងៃទី8 ខែកុម្ភៈ គឺដោយសារ “បញ្ហាផ្ទាល់ខ្លួន” ទាក់ទិននឹងការលក់ផ្ទះ 1ខ្នង។

“ករណីបែបនេះ មិនធ្លាប់បានកើតឡើងទេនៅក្នុងប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នេះជាលើកចុងក្រោយដែលបញ្ហាបែបនេះកើតឡើង”។ នេះគឺជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចន្ទអូឆា ដែលបានថ្លែងនៅខាងក្រៅមន្ទីរពេទ្យដែលព្យាបាលជនរងគ្រោះដោយអំពើបាញ់រះដ៏សាហាវឃោរឃៅ ដែលបានកើតឡើងនៅក្នុងខេត្តនគររាជសីមា ភាគឦសានប្រទេសថៃ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ យ៉ាងហោចណាស់ក៏មាន 2នាក់ដែរដែលត្រូវធ្វើការវះកាត់ព្យាបាលខួរក្បាលជាបន្ទាន់។

នាយករដ្ឋមន្ត្រីថៃ បានបន្ថែមថា ខ្មាន់កាំភ្លើង ឈ្មោះ Jakrapanth ខឹងនឹងមេបញ្ជាការរបស់គេ ដោយ​សារ​តែមានជម្លោះទាក់ទិននឹងបញ្ហាបំណុល។ លោក ប្រាយុធ ចន្ទអូឆា បានបន្ថែមថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង 26នាក់ គឺមានទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិល ហើយក្នុងនោះក៏មានក្មេងប្រុសអាយុ 13ឆ្នាំម្នាក់ផងដែរ។ ខ្មាន់កាំភ្លើងរូបនោះ ត្រូវសមត្ថកិច្ចបាញ់សម្លាប់កាលពីព្រឹកមិញ (9កុម្ភៈ) បន្ទាប់ពីគេព្យាយាមតតាំងប្រយុទ្ធការពារខ្លួន ខណៈនៅក្នុងផ្សារទំនើប Terminal 21 តាំងពីថ្ងៃម្សិល​មិញ​(ទី8)រហូតមក។

មុននេះ ប្រភពព័ត៌មានមួយបានឱ្យដឹងថា មូលហេតុដំបូងនៃអំពើបាញ់ប្រហារនេះ គឺដោយសារជនដៃដល់ និងមេបញ្ជាការរបស់គេ ទាស់សម្ដីគ្នារឿងប្រាក់កម្រៃជើងសាទាក់ទិននឹងការលក់អចលនទ្រព្យមួយកន្លែង។ ដោយសារខឹងខ្លាំងពេក នាយទាហានដែលជាជនដៃដល់ ក៏បានដកកាំភ្លើងបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួនតែម្ដង មុននឹងទៅប្រមូលយកអាវុធបន្ថែម និងបន្តបាញ់រះទៅលើហ្វូងមនុស្សនៅឯផ្សារទំនើបខាងលើ។

ខ្មាន់កាំភ្លើងម្នាក់នេះ គឺជានាយទាហាននៃកងវរសេនាតូចលេខ22 ឈរជើងនៅមូលដ្ឋានទ័ព Suratham Phithak ក្នុងខេត្តនគររាជសីមា។

លោកប្រាយុធ ចន្ទអូឆា បានអះអាងថា សន្តិសុខនៅក្នុងឃ្លាំងអាវុធនៃជំរំទ័ព សុទ្ធតែមានការការពារយ៉ាងតឹងរ៉ឹង។

ខេត្តនគររាជសីមា គឺជាតំបន់ដែលមានបន្ទាយទាហានធំៗជាច្រើន ខណៈដែលប្រទេសមួយនេះកំពុងគ្រប់គ្រង​ដោយរដ្ឋាភិបាលយោធា ថ្វីបើបានឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យហើយក៏ដោយ។ ថៃក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកកាន់កាប់កាំភ្លើងច្រើនជាងគេមួយដែរនៅក្នុងពិភពលោក។ ប្រទេសនេះក៏ធ្លាប់មានករណីផ្ទុះអាវុធនៅក្នុងតុលាការកាលពីឆ្នាំមុនផងដែរ ដែលករណីទាំងអស់នេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement