រដ្ឋាភិបាលគ្រោងប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបន្ទាន់​តតាំងការរីករាលដាលមេរោគCovid-19

ក្រោយការរីករាលដាលកាន់តែខ្លាំងនូវជំងឺរលាកសួតថ្មីដែលកើតឡើងដោយសារតែមេរោគ covid-19 រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាម​គ្រប់លទ្ធភាពដើម្បី​ទប់ស្កាត់ និងដោះស្រាយបញ្ហានានាជុំវិញករណីបន្ទាន់នេះ។

ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងសារជាសំឡេងថា យើងបានឃើញហើយថា​ អ្នកជំងឺរបស់យើងជួនកាល​មានកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម ហេតុនេះ​សម្រាប់កាលៈទេសៈនេះ​ កន្លែងរបស់យើងអាចនឹងដាក់មិនគ្រាន់។ ក្នុងកាលៈទេសៈនេះ​សម្តេចបានពិភាក្សាជាមួយឯកឧត្តម​ ម៉ម ប៊ុនហេង ដើម្បីប្រើប្រាស់សាលារៀនជាកន្លែងដោះស្រាយបញ្ហាទាំងអស់នោះ។

Advertisement

សម្តេចបានបញ្ជាក់ផងដែរថា សាលារៀន​ដែលយើងបានកសាង​កន្លងមក ​គឺស្អាតៗណាស់នៅទីរួមខេត្ត និង​កន្លែងមួយចំនួនទៀត។ ហេតុនេះសាលារៀនជាកន្លែងដែលអាចដោះស្រាយបញ្ហាបន្ទាន់បាន គឺត្រូវជ្រើសរើសទីតាំងណាមួយ ឬពីរក្នុងខេត្តមួយ​យកមកប្រើដោយ​ត្រូវរៀបចំ​ប្រព័ន្ធទឹក ភ្លើង ចូលឱ្យដល់ជាបន្ទាន់​ដែលនេះជាកិច្ចការបន្ទាន់ដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់។

​សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់នៅទីក្រុងភ្នំពេញ មិនមានបញ្ហាចោទទេ ដោយសារតែយើងមានមន្ទីរពេទ្យរុស្សី អគារនៅចាក់អង្រែ​ មន្ទីរពេទ្យ UT និងសណ្ឋាគារ​អាំងទែកុងទីណង់តាល់ហើយ តែអ្វីដែលជាបញ្ហាចោទ គឺនៅតាមខេត្ត។ យើងត្រូវដោះស្រាយដោយឱ្យមានការរៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប​ដែលអាចទំនាក់ទំនងជាមួយ​កម្លាំងប៉ូលិស កម្លាំង​ទាហាន និងប៉េអឹម ដើម្បីយកមកជួយ​ការងារនេះតែម្ដង ហើយជាពិសេស​គឺសម្រុកដោះ​ស្រាយគ្រែ ដើម្បី​សម្រាប់ទទួលអ្នកជំងឺ​ដែលយើងត្រូវការចាំបាច់​៕

 

Advertisement