កុំជ្រួលច្របល់! អ្នកនាំពាក្យរាជរដ្ឋាភិបាលថា «គ្មានការបិទទីក្រុងភ្នំពេញនោះទេ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ច្រានចោលទាំងស្រុងនូវសារជាសំឡេងដែលលាក់ប្រភព និងចែកចាយតាមបណ្តាញសង្គមថា រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការ​ឆ្លងរីករាលដាលវីរុស Covid-19។

នៅក្នុងសេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា អង្គភាពអ្នកនាំពាក្យ​សូមជម្រាបជូនសាធារណជន​ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបង្កើតគណៈកម្មការ​ជាតិប្រយុទ្ធនឹងជំងឺរលាក​សួត​​ថ្មី​ ដែល​​បង្ក​ឡើង​ដោយ​វីរុស Covid-19 ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធាន ក៏ដូចជាឥស្សរជនជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​ជាច្រើនរូបជាអនុប្រធាន រួមទាំងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់​ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលវីរុស Covid-19។

អង្គភាពអ្នកនាំពាក្យ បានបំភ្លឺប្រាប់ប្រជាពលរដ្ឋថាកុំឱ្យមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឱ្យមានចលាចល​ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាពិសេស​ធ្វើឱ្យទំនិញឡើងថ្លៃហួសហេតុដោយមិនសមហេតុផល៕

Advertisement