កម្ពុជាបានត្រៀមបន្ទប់ជាង 3,000 សម្រាប់ព្យាបាលអ្នកមានមេរោគកូវីដ-19 ដោយឥតគិតថ្លៃ

កម្ពុជាបានត្រៀមបន្ទប់ជាង 3,000 សម្រាប់ព្យាបាលអ្នកមានមេរោគកូវីដ-19 ដោយឥតគិតថ្លៃ

នៅ​ព្រឹក​មិញ ថ្ងៃទី25 ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​អោយបាន​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រួចស្រេច​ហើយ​នូវ​បន្ទប់​សម្រាក​ព្យាបាល​ជាង៣ពាន់​បន្ទប់ នៅ​ទូទាំងប្រទេស សម្រាប់​ពិនិត្យ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ-19 ដោយ​ឥតគិតថ្លៃ។

ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​រួចជាស្រេច​នូវ​បន្ទប់​សណ្ឋាគារ, សាលារៀន និង​មន្ទីរពេទ្យ​មួយចំនួន​ដែលមាន​ប្រព័ន្ធ​ទឹក ភ្លើង និង​មាន​គ្រែ​រៀបចំ​រួចស្រេច​ហើយ ដែល​អាច​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​អោយ​ស្នាក់នៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ។ នៅ​រាជធានី​ភ្នំពេញ​វិញ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​អគារ​មួយចំនួន​ដូចជា 1.អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) 2. មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត 3. មន្ទីរពេទ្យ​នៅ​ចាក់អង្រែ 4. ពេទ្យ​យោធារ​ដែល​នៅ​មិនទាន់​ប្រើ​នៅឡើយ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​ខ្លួន​មាន​ឆ្លង​មេរ​រោគ​កូ​វីដ-19 សូម​ទូរ​ស័​ព្វ​មក​លេខ 115 ដើម្បី​ប្រឹក្សា​យោបល់ នឹង​ទទួលបាន​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ព្រោះនេះ​គឺជា​បញ្ហា​សុខភាព​ផ្ទាល់​របស់​បងប្អូន​ដែល​ត្រូវតែ​ពិនិត្យ​សុខភាព​ខ្លួនឯង​អោយបាន​ច្បាស់ ចៀសវាង​ចម្លងរោគ​នេះ​ទៅ​ប្តី ឬ​ប្រព​ន្ឋ​ឬ​កូនចៅ និង​ក្រុមគ្រួសារ​ដែល​ចុងក្រោយ​គឺមាន​តែ​ការសោកស្តាយ ។ សូម​បងប្អូន​កុំ​មានការ​ភ័យព្រួយ​បារម្ភ ហើយ​សូមកុំ​រើសអើង​គ្នា​ទៅវិញទៅមក៕

Advertisement