វិទ្យាស្ថាន​ ប៉ាស្ទ័រ​កម្ពុជា ​ត្រូវ​បាន WHO ​តែង​តាំង​ជា​មន្ទីរ​ពិសោធន៍​លំដាប់​អន្តរជាតិ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (Institut Pasteur du Cambodge) ត្រូវ​បាន​ទទួល​ការ​តែង​តាំង​ដោយ​អង្គការ​សុខភាព​ពិភពលោក ជា​មន្ទីរពិសោធន៍​យោង​អន្ដរជាតិ​ សម្រាប់ការ​ធ្វើ​តេស្ត​រក​​វីរុស​ឆ្លង Covid-19។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

បណ្ដាញ​មន្ទីរពិសោធន៍​យោង​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​មាន​មន្ទីរពិសោធន៍​ក្នុង​ប្រទេស​នានា​ដែល​អាច​ផ្ដល់​នូវ​ការ​ធ្វើ​តេស្ដ​ ដើម្បី​បញ្ជាក់​ពី​មេរោគ Covid-19។

លើស​ពីនេះ​ទៀត មន្ទីរពិសោធន៍​ទាំង​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដោះ​ស្រាយ និង​ឆ្លើយ​តប​នឹង​ហានិភ័យ​សុខភាព​សាធារណៈ​ដែល​បណ្ដាល​មក​ពី​ជំងឺរាតត្បាត។

ជាមួយគ្នា​នេះដែរ មន្ទីរពិសោធន៍​ទាំង​នេះ មាន​សារៈ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​តេស្ដ​ការ​រក​ឃើញ​ថ្មី ផ្ដល់​ព័ត៌មាន​បឋម និង​ទាន់​ពេលវេលា និង​ជួយ​ជំរុញ​សមត្ថភាព​ឆ្លើយតប​ទៅ​នឹង​ជំងឺ​ទូទាំង​ពិភពលោក។

ការទទួលស្គាល់នេះ ផ្តើមចេញពីការមានកម្រិតខ្ពស់នៃសមត្ថភាពបច្ចេកទេស និងសមត្ថភាពធ្វើតេស្តវិនិច្ឆ័យនៅ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​រួមជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើតេស្តសុពលភាព និងការកសាងសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹង​មេរោគកូវីដ-19 នៅទូទាំងពិភពលោក។

ក្រៅ​ពី​អាច​ទទួល​បាន និង​បញ្ជាក់​ពី​សំណាក​មេរោគកូវីដ​-19 ពី​ទូទាំង​ពិភពលោកហើយ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នឹង​បន្ដ​ផ្ដល់​ជូន​នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ការ​ធ្វើ​តេស្ដ និង​ធ្វើ​ឱ្យមាន​សុពលភាព​នៃ​ការ​រក​ឃើញ​ថ្មី ​និង​បច្ចេកវិទ្យា ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ក្នុ​ងការ​ធ្វើ​តេស្ដ​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍ ក៏​ដូចជា​ផ្ដល់​នូវ​ទិន្នន័យ និង​ព័ត៌មាន​សំខាន់​ៗ ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូវីដ​-19​ នៅ​ទូ​ទាំង​ពិភពលោក។

គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​មន្ទីរ​ពិសោធន៍​ទាំង17  វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ជា​វិទ្យាស្ថាន​ទី​4 ​នៃ​បណ្ដាញ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អន្ដរជាតិ បន្ទាប់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ (បារាំង) វិទ្យាស្ថាន​ប៉ាស្ទ័រ​ហុងកុង Research Pole និង វិទ្យាស្ថាន​ប៉ាស្ទ័រ​ដាកា (សេណាហ្គាល់)៕

Advertisement