ហេតុអ្វីប្រេងធ្លាក់ថ្លៃ តែអគ្គិសនីមិនទាន់ធ្លាក់?

នាពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនបានចោទសួរថា តើហេតុអ្វីទើបតម្លៃអគ្គិសនីដែលផ្គត់ផ្គង់នៅទូទាំងប្រទេសនៅតែមានតម្លៃដដែល ស្របពេលដែលតម្លៃប្រេងលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុក។

ឆ្លើយតបជាមួយនឹងបញ្ហានេះ ឯកឧត្តម វ៉ិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល បានលើកឡើងថាមូលហេតុដែលតម្លៃអគ្គិសនីកម្ពុជាមិនប្រែប្រួលតម្លៃនៅពេលតម្លៃប្រេងធ្លាក់ចុះ គឺដោយសារតែការចូលរួមរបស់ប្រេងនៅក្នុងការផលិតអគ្គិសនីនៅកម្ពុជាមានចំនួនប្រមាណត្រឹមតែ 5% ប៉ុណ្ណោះក្នុងចំណោមប្រភពសំខាន់ៗទាំងអស់។

ក្រៅពីនោះប្រភពដែលកម្ពុជាបានចំណាយយកមកផលិតជាអគ្គិសនីគឺបានមកពីវារីអគ្គិសនីប្រហែល 33% ការផលិតអគ្គិសនីចេញពីធ្យូងថ្មប្រហែល 32% ខណៈ 25% ទៀតត្រូវចំណាយទិញអគ្គិសនីពីប្រទេសជិតខាង និងចំនួន 2% បានមកពីថាមពលអគ្គិសនីដែលកើតឡើងវិញដូចជាការប្រើប្រាស់ផ្ទាំងសូឡា រួមទាំងប្រភពមួយចំនួនផ្សេងទៀត។

ឯកឧត្តមបញ្ជាក់ថា ប្រសិនបើយើងប្រើប្រាស់អគ្គិសនីដែលផលិតចេញពីប្រេងនាពេលបច្ចុប្បន្ននេះ គឺតម្លៃអាចលើសពី 2,000រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មិនមែន 730រៀលសម្រាប់អ្នកប្រើប្រាស់លើសពី 200គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឬតម្លៃ 610រៀលសម្រាប់អ្នកប្រើប្រាស់ក្រោមនេះនោះទេ។

ឯកឧត្តមបង្ហាញផងដែរថា នៅកម្ពុជាបច្ចុប្បន្ននេះមានការប្រើប្រាស់បណ្តាញជាតិប្រមាណ 90% នៅទូទាំងប្រទេស ហើយនៅសល់ជាង 1,000ភូមិទៀតដែលមិនទាន់មានការផ្គត់ផ្គង់អគ្គិសនីបណ្តាញជាតិ។

សម្រាប់តំបន់ដែលមិនទាន់មានការផ្គង់ផ្គង់បណ្តាញជាតិខ្លះ ពួកគាត់ប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយថាមពលប្រេង ហេតុនេះហើយទើបយតម្លៃអគ្គិសនីដែលពួកគាត់កំពុងប្រើប្រាស់រាល់ថ្ងៃនេះគឺ នៅមានតម្លៃខ្ពស់ជាង 2,000រៀលក្នុងមួយគីឡូម៉ែត្រម៉ោង៕

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី16 ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2020

Advertisement