ធនាគារជាតិនៃកម្ពុជា សុំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុយោគយល់ និងកុំពិន័យកូនបំណុលរហូតដល់ចុងខែធ្នូ

ធនាគារជាតិនៃកម្ពុជា បានចេញលិខិតស្នើរសុំឱ្យមានការអនុគ្រោះ​បន្ធូបន្ថយ​ការយកកម្រៃសេវារផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចំពោះមុខការរីករាលដាលនៃជំងឺ Covid-19។

នៅក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ​សូមជម្រាបជូនដល់គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជា​សូម​ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ​របស់គ្រប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ ដែលបាន និងកំពុងអនុវត្ត​វិធានការនានា​ដែលបានដាក់ចេញកន្លងមក។ ក្នុងស្ថានភាព​ដែលពិភពលោក ក៏ដូចជាកម្ពុជា​កំពុង​ប្រឈមនឹងការរីករាលដាល​នៃមេរោគ Covid-19 ធនាគារជាតិនៃកម្ពុជា​ស្នើរសុំការយោគយល់​ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន​ដើម្បីសម្រាលបន្ទុករបស់​គាត់មួយកម្រិត​ទៀតក្នុង​គ្រាលំបាកនេះ ដូចជាការបន្ធូរបន្ថយ​កម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹង​ឥណទាន និង/ឬ លើកលែងការផាកពិន័យ​ផ្សេងៗចំពោះអតិថិជនរបស់ខ្លួន​ចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ 2020៕

Advertisement