រោងចក្រព្យួរ និងខាតច្រើនពេក GMAC ស្នើរម្ចាស់អគារចុះថ្លៃឈ្នួល 30%

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃម្សិលម៉ិញនេះ បាន​ចេញលិខិតអំពាវនាវឱ្យ​ម្ចាស់អគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់​ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បញ្ចុះតម្លៃឈ្នួល​ដល់ម្ចាស់ផលិតកម្មទាំងអស់នោះ។

សមាគមរោងចក្រកាត់ដេរកម្ពុជា បានលើកឡើងថា ឧស្សាហកម្ម​កាត់ដេរសម្លៀកបំពាក់​ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ​ ជាឧស្សាហកម្ម​មួយក្នុងចំណោម​ឧស្សាហកម្មនានានៅកម្ពុជាដែលទទួល​បាន និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19។ ការទទួល​រងនេះត្រូវបានសង្កេតឃើញថា មានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្តែង រោងចក្រ​ចំនួន 180 បានព្យួរផលិតកម្មរបស់ខ្លួន​ ខណៈ​ដែលរោចចក្រចំនួន 60ផ្សេងទៀតនឹងព្យួរផលិតកម្មនៅពេលខាងមុខ។ ការព្យួរនេះបានបញ្ជាក់អំពីភាពមិនអាចទ្រងទ្រង់បាននូវបន្ទុក​ចំណាយនានារបស់រោងចក្រខណៈចំណូលរបស់ពួកគេបានធ្លាក់ចុះ។

GMAC បានបញ្ជាក់ផងដែរថា ការចំណាយរបស់រោងចក្រលើថ្លៃឈ្នួលអគារ និងទីតាំង គឺជាបន្ទុក​ចំណាយ​ដ៏ធ្ងន់ធ្ងរមួយ ស្របពេលដែល​សមាជិករបស់យើងកំពុង​រងគ្រោះដោយសារការលុបចោលនៃការទិញជាច្រើន និងការគ្មានការបញ្ជាទិញថ្មីនោះ ក៏ដូចជា​ការ​ចំណាយផ្សេងៗទៀត។

សមាគមយល់អំពី​ទុក្ខលំបាក​នៃផលប៉ះពាល់​ដោយសារជំងឺ Covid-19 តែសមាគមសុំអំពាវនាវដល់ម្ចាស់អគារ​នានាដែលកំពុងជួល​ឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិផលធ្វើដំណើរ មេត្តា​ចុះថ្លៃឈ្នួល​របស់ខ្លួន​យ៉ាងតិច 30% សម្រាប់រយៈពេល 3 ទៅ 6ខែ។ GMAC យល់ឃើញថាការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុក​ចំណាយរបស់រោងចក្រ និង​ចួលរួមចំណែក​ស្តារសេដ្ឋកិច្ច​នៅកម្ពុជា​ទើម្បីទ្រទ្រង់វិស័យនេះ៕ ​

Advertisement