សមាគមមីក្រូហិរញ្ញវត្ថុថាអតិថិជនជិត 14ម៉ឺននាក់បានសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្រួលលើបញ្ហាកម្ចី

សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទើបនឹងចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលបានបញ្ជាក់ថា អតិថិជន​ប្រមាណជិត 14 ម៉ឺននាក់​បានស្នើរសុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​រៀបចំឥណទានឡើងវិញ។

ស្ថាប័នដដែលបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ2020 អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន 137,158នាក់ បានធ្វើការស្នើរសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះ​អតិថិជនចំនួន 118,182នាក់ ឬជិត 90% បានទទួលការរៀបចំឥណទានឡើងវិញដែលមានទំហំទឹកប្រាក់សរុប 488លានដុល្លារ។

ជាលក្ខខណ្ឌ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អាចរៀបចំឥណទាន​ឡើងវិញជូនអតិថិជនបាន លុះត្រាតែ​មានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យា​រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារសិទ្ធអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។

គួរបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី1 ឆ្នាំ 2020 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជាសមាជិក​របស់សមាគមមីក្រូហិរញ្ញវត្ថុបានបន្តប្រកាន់ខ្ជាប់នូវ​ទស្សនៈវិស័យ​របស់ខ្លួនតាមរយៈការជួយប្រជាជនប្រមាណជាង 2.2លាននាក់ និងមានឥណទានសរុបជាង 30ទ្រីលានរៀល ឬស្មើនឹង 7.4ប៊ីលានដុល្លា ខណៈអតិថិជន​បញ្ញើរមានសរុប​ចំនួនជាង 2.8លាននាក់ ដោយគិតជាទឹកប្រាក់សរុបប្រមាណ 14ទ្រីលានរៀល ឬស្មើនឹង 3.6ប៊ីលានដុល្លា៕

Advertisement