នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាណែនាំកុំឱ្យក្មេងប្រើប្រាស់ Tiktok ច្រើនពេកព្រោះប៉ះពាល់ដល់សុវត្ថិភាព

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃកម្ពុជាបាន​ណែនាំអាណាព្យាបាលឱ្យមានការប្រុងប្រយ័ត្ន​ចំពោះកូនៗកុំឱ្យប្រើប្រាស់បណ្តាញសង្គមផ្សេងៗជាពិសេស​កម្មវិធី Tiktok ព្រោះកម្មវិធីនេះអាចប៉ះពាល់ដល់សុវត្ថិភាពកុមារ។

ស្ថាប័នដ៏សំខាន់ខាងលើបានបញ្ជាក់ថា ក្រុមអ្នកគាំពារកុមារបានចោទប្រកាន់ក្រុមហ៊ុន TikTok ថាមិនបានធ្វើការកែសម្រួលកម្មវិធី ដើម្បីការពារឯកជនភាពរបស់កុមារដូចបានសន្យា

យើងបានដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ថត និងចែកចាយវីដេអូឃ្លីបខ្លីៗជារបៀបច្រៀងតាម (lip-syncing video) មិនត្រឹមតែនៅក្រៅប្រទេសនោះទេ ថែមទាំងមាននៅក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសក្នុងចំណោមក្មេងៗដែលមិនទាន់គ្រប់អាយុ។ ដោយសារតែហេតុផលទាំងនេះហើយបានជាក្រុមអ្នកគាំពារកុមារ មានការព្រួយបារម្ភជាមួយនឹងកម្មវិធីនេះ ក៏ព្រោះតែកម្មវិធីនេះពុំមានគោលការណ៍ក្នុងការ ការពារឯកជនភាពរបស់កុមារ។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Musical.ly ដែលជាក្រុមហ៊ុន TikTok បានទិញ និងបញ្ចូលជាក្រុមហ៊ុនតែមួយនោះ ត្រូវបានរកឃើញថាបានបំពានលើច្បាប់ឯកជនភាពរបស់កុមារនៅលើប្រព័ន្ធអុីនធឺណេត ព្រោះបានទាញយកទិន្នន័យដូចជា ឈ្មោះ អុីមែល វីដេអូ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀតពីអ្នកប្រើប្រាស់ដែលមានវ័យតិចជាង១៣ឆ្នាំ ដោយមិនមានការឯកភាពពីអាណាព្យាបាលរបស់ពួកគេ។ ជាងនេះទៅទៀតគេក៏បានរកឃើញថា ប្រូហ្វាល់របស់អ្នកប្រើប្រាស់ត្រូវបានដាក់ឱ្យឃើញជាសាធារណៈ ដែលជាហេតុនាំឱ្យមនុស្សពេញវ័យមួយចំនួនបានប្រើកម្មវិធីនេះ ដើម្បីធ្វើការផ្ញើសារទាក់ទងទៅក្មេងៗទាំងនោះ។ ក្រុមហ៊ុន TikTok បានយល់ព្រមធ្វើកំណែកំហុសឆ្គងទាំងនោះ ប៉ុន្តែគិតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ធ្វើការកែប្រែទៅលើកម្មវិធីរបស់ខ្លួននៅឡើយទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំដល់អាណាព្យាបាល ឱ្យមានការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនក្នុងការប្រើប្រាស់កម្មវិធីនៅតាមបណ្តាញសង្គមផ្សេងៗ ជាពិសេសកម្មវិធី TikTok សូមមានការណែនាំពួកគាត់កុំឱ្យប្រើប្រាស់កម្មវិធីទាំងនោះច្រើនពេក និងតាមដានពីសកម្មភាពរបស់ពួកគាត់ឱ្យបានជាប់លាប់ ព្រោះវានាំឱ្យខាតពេលវេលារៀនសូត្រ និងអាចនាំមកនូវផល់ប៉ះពាល់ផ្សេងៗទៀតផង៕

Advertisement