ភ្នំពេញនឹងមានផ្លូវក្រោមដី 3ខ្សែបន្ថែមទៀតដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ដើម្បី​កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ក្នុងតំបន់សំខាន់ៗ​នៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ អាជ្ញាធរគ្រោងនឹងធ្វើផ្លូវក្រោមដីចំនួន 3ខ្សែបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងផ្លូវក្រោមដីទី1 គឺស្ថិតនៅចំណុចផ្លូវជាតិលេខ1 ដោយរដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនប៉េងហួត បានឯកភាពគ្នា​លើកជាគម្រោង​ស្ថាបនាផ្លូវក្រោមដី​ដែលតភ្ជាប់ពីផ្សារ PH Eco Mall ទៅផ្លូវជាតិលេខ1 ស្ថិតក្នុងសង្កាត់និរោធ។ ផ្លូវក្រោមដីទី2 ស្ថិតនៅផ្លូវសហព័ន្ធរុស្សី នៅមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្លូវក្រោមដីទី3 ស្ថិតនៅម្តុំ​ក្តាន់ពីរក្បែក្រសួងការពារជាតិ។ ​គម្រោងទាំងអស់នេះត្រូវធ្វើឡើងឆ្លើយតបទៅនឹងសំណូមពរ​របស់បងប្អូនប្រជាពលរដ្ឋ​ដែលបានស្នើមក​រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួល​រំដោះចរាចរណ៍៕

Advertisement