សារមន្ទីរនឹងបើកទ្វាឡើងវិញនៅខែមិថុនា តែត្រូវប្រុងប្រយ័ត្នចំពោះវិធានការការពារ

ក្រោយពេលស្ថានភាពការរីករាលដាលនៃជំងឺ Covid-19 បាន​ស្ងប់ស្ងាត់បន្តិចពីប្រទេសកម្ពុជា ក្រសួងសុខាភិបាល​ បានអនុញ្ញាតឱ្យ​បើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិឱ្យបាន​ទស្សនាឡើងវិញចាប់ពីខែមិថុនា ខាងមុខនេះ។

នៅក្នុង​លិខិតដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើរជូន​រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់រលកទី2នៃការចម្លងវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា និងបន្ត​ចូលរួមការពារហានិភ័យ​នៃការចម្លង​ជំងឺ Covid-19 ព្រមទាំងកាត់បន្ថយផលប៉ះពាល់​លើសេដ្ឋកិច្ច និងសង្គម យើងទាំងអស់គ្នា​ត្រូវតែបន្តអនុវត្ត​ន៍តាមការណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី និងយោងតាមស្មារតីអង្គប្រជុំ​គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 នាថ្ងៃទី 12 ខែឧសភាឆ្នាំ 2020 ដោយមានចំណារឯកភាព​ពីសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី13 ខែឧសភា ឆ្នាំ2020 ក្រសួង​សុខភិបាល និងក្នុងនាម​គណៈកម្មការ​អន្តរក្រសួង​ដើម្បីប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 សូមជម្រាបជូន​លោកជំទាវរដ្ឋមន្ត្រីថា សារមន្ទីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យ​បើកដំណើរការ​ឡើងវិញ ដើម្បី​ជូនភ្ញៀវជាតិ និងអន្តរជាតិ​បានចូលទស្សនា​ចាប់ពីខែមិថុនា ឆ្នាំ2020នេះតទៅ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល​សូមធ្វើការណែនាំ​ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថាមុនពេលបើកដំណើរការ​ត្រូវរៀបចំវិធានការ​ការពារនានា​ឱ្យរួចជាមុន ដើម្បីចៀសវាង​នូវហានិភ័យ​នៃការចម្លង​វីរុស Covid-19 ដូចជាការស្កែនកម្តៅភ្ញៀវមុន​អនុញ្ញាតឱ្យចូលទស្សនា មានប្រើអាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យ​មានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំង​ត្រូវពាក់ម៉ាស់ ហើយអនុវត្ត​ឱ្យបានគ្រប់បុគ្គល ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការងារនៅទីនោះ និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលសារមន្ទីឡើយ៕

Advertisement