បន្តិចទៀតកម្ពុជានឹងមានច្បាប់គ្រប់គ្រង ដ្រូន ដើម្បីការពារសន្តិសុខជាតិ

ក្នុងពេលខាងមុខនេះ កម្ពុជាអាចនឹងមាន​អនុក្រឹត្យថ្មីមួយ​ពាក់ព័ន្ធនឹងការគ្រប់គ្រង​អាកាសយានគ្មានមនុស្សបើក​ (ដ្រូន) ខណៈពេលថ្មីៗនេះក្រសួងមហាផ្ទៃទើបនឹង​បើកកិច្ចប្រជុំ​ពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ​ស្តីពីការគ្រប់គ្រង​អាកាសយានគ្មានមនុស្សបើក (ដ្រូន)ជាមួយមន្ត្រីជំនាញជាច្រើនរូប។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយអនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញយកទៅសិក្សាបន្ត។ ដូច្នេះនៅថ្ងៃនេះយើងលើកយកសេចក្តីព្រាងអនុក្រឹត្យនេះមកពិភាក្សាបន្តទៀតព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ ឯកឧត្តមបន្តថា អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំព្រាងអនុក្រឹត្យនេះរួច យើងក៏នឹងអាចប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សា ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយកទៅអនុវត្តបាន៕

Advertisement