រដ្ឋបញ្ចុះតម្លៃអគ្គិសនី 25% រយៈពេល 5ខែដល់ម្ចាស់អាជីវកម្ម

ក្រសួងរ៉ែ និងថាមពលបាន​ចេញប្រកាសថ្មីមួយស្តីពីការដាក់ឱ្យអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្ត​ចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020។

នៅក្នុងប្រកាសដែលចុះហេត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី​របស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម មានគោលដៅ​សម្រួលការបង់ថ្លៃ​ប្រើប្រាស់​អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ប្រើប្រាស់ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ2020 ដើម្បីជួយសម្រួល​ការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែល​បានព្យូរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម និងជួយលើកទឹកចិត្ត​​ចំពោះការប្រើប្រាស់អគ្គិសនី​របស់ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្ម​ក្នុងរយៈពេលអនុវត្តការណែនាំរបស់​រាជរដ្ឋាភិបាលក្នុងការចូលរួម​ទប់ស្កាត់មេរោគ Covid-19។

ផែនការនេះ​នឹងផ្តល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនី​តាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ​តាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃ​អគ្គិសនីត្រឹមតែចំនួន​គីឡូវ៉ាត់ម៉ោង ដែល​បានប្រើប្រាស់ជាក់ស្តែង​តាមអត្រាថ្លៃ​មធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះដោយការព្យួរ​ ឬបន្ថយសកម្មភាពផលិតកម្ម​ ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬក៏​ផ្គត់ផ្គង់​ដោយអ្នកផ្គង់ផ្គង់ឯកជន​ដែលទិញប្រភព​អគ្គិសនី ពីអគ្គិសនីកម្ពុជាក៏ដោយ។

ផែនការនេះក៏​ផ្តល់ការលើកទឹកចិត្ត​ដោយបន្ថយថ្លៃ​អគ្គិសនីចំនួន 25% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើប្រាស់លើសពីចំនួនប្រើប្រាស់ប្រចាំខែមធ្យមក្នុងរយៈពេល 3ខែ ដើមឆ្នាំ (ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាស​អំណោយផលអាច​បង្កើនសកម្មភាព​ផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន​ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេល​អនុវត្តការណែនាំ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគ Covid-19៕

Advertisement