ក្រោយមានមន្ត្រីចុះតាមផ្ទះបង្ខំប្រជាជនឱ្យទិញបំពង់ពន្លត់អគ្គីភ័យ និងទាថ្លៃសេវាពិនិត្យ នាយកដ្ឋានជំនាញប្រកាសកុំឱ្យប្រជាជនទទួលលិខិតមិនផ្លូវការទាំងនោះ

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ កាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសលើ Facebook ផ្លូវការរបស់ខ្លួន​កុំឱ្យប្រជាជន​ទទួលយក​លិខិស្នាម ឬលិខិតបញ្ជាក់ណាមួយដែលមិនមែនជាលិខិតផ្លូវការ​ដែលចេញដោយអគ្គស្នងការរដ្ឋាន​នគរបាលជាតិ តែចេញដោយមន្ត្រីដែលចុះទៅដល់ខ្នងផ្ទះដើម្បីបញ្ជាក់ ឬទាថ្លៃសេវាក្រៅ។

នាយកដ្ឋានជំនាញខាងលើបានបញ្ជាក់ថា ថ្មីៗ​នេះមានប្រជាពលរដ្ឋជាច្រើនបានសួរមកកាន់ Page​ របស់នាយកដ្ឋាន អំពីវត្តមានកម្លាំងនគរបាលអគ្គីភ័យរាជធានីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋរៀងរាល់ថ្ងៃមានឡាននិងម៉ូតូ តែងតែដើរបង្ខំប្រជាពល​រដ្ឋឱ្យទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួត ពិនិត្យបំពង់​អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ដោយកំណត់ឱ្យពួកគាត់បង់ថ្លៃសេវាពី10$ ទៅ20$ក្នុងបំពង់ឬច្រើនជាងនេះក៍មានដែរ។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូច​ជា​​ម្ចាស់​គោល​ដៅ​ទូទាំង​ប្រទេស​ទាំងអស់ មេត្តា​ជ្រាប​ថា​​ សុំកុំ​ទទួល​យក​នៅ​លិខិត​ស្នាម​រឺឬលិខិត​បញ្ជាក់​ណា​មួយ​ ដែល​មិន​មែន​ចេញ​ជាផ្លូវ​ការ​ដោយ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ឬស្នងការដ្ឋាននគរបាល​រាជធានី​-ខេត្ត​ទើបផ្លូវការ។

ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះគឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ6380 ប្រ.ក (ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី17ខែកក្កដាឆ្នាំ2019)។ និងសេចក្តីណែនាំលេខ012 ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ៕

Advertisement