ប្រជាជនដែលមិនបង់ថ្លៃសំរាម អាចនឹងត្រូវអាជ្ញាធរបង្ហាញឈ្មោះជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម

សាលារាជធានីភ្នំពេញ បានប្រកាសជូនដំណឹងជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាជនដែលមិនទាន់ ឬមិនព្រមបង់ថ្លៃសំរាម​ប្រញ៉ាប់បង់ដើម្បីកុំឱ្យទទួលការចាត់វិធានការ​នានាពីអាជ្ញាធរ។

សាលារាជធានីភ្នំពេញបញ្ជាក់ថា ក្រោយពីបានចាប់ផ្តើមអនុវត្ត​ទទួលការបង់ថ្លៃសេវាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាល​អន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិក រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា មានបងប្អូនប្រជាពរលដ្ឋភាគច្រើន​បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតនៅមិនទាន់​បំពេញកាតព្វកិច្ច​បង់ថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹងនៅឡើយ។

ហេតុនេះអ្នកដែលមិនទាន់បានបង់សូមប្រញ៉ាប់មកបង់ថ្លៃសេវាឱ្យបានទាន់ពេលវេលា បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តចាត់វិធានការមួយចំនួនដូចជា៖

1.បញ្ចេញបញ្ជីរឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធាណៈ តាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា

  1. កត់ត្រាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន​

3.អនុវត្តវិធានការផ្សេងៗទៀតបើចាំបាច់៕

Advertisement