សមាគមមីក្រូហិរញ្ញវត្ថុថា រហូតមកដល់ពេលនេះមានអតិថិជន 15ម៉ឺននាក់ត្រូវបានអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ

ថ្មីៗនេះប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក គា បូរាណ បានបញ្ជាក់ថារហូតមកដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ2020 អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 175,364នាក់បានស្នើសុំរៀបចំឥណទានឡើងវិញដោយសារតែរងផលប៉ះពាល់នៃបញ្ហា Covid-19។ ក្នុងចំណោមអ្នកស្នើសុំទាំងអស់នោះមានអតិថិជនប្រមាណជាង 15ម៉ឺននាក់ ឬស្មើនឹង 90% នៃចំនួនអ្នកស្នើទទួលបានការអនុញ្ញាត។

ប្រធានក្រុមប្រឹក្សាភិបាលសមគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើបានបញ្ជាក់ផងដែរថា ទំហំទឹកប្រាក់សរុបនៃឥណទានដែលបានអនុញ្ញាតឱ្យរៀបចំឡើងវិញនោះសរុប 656លានដុល្លារ។

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ2020 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ចំនួនជាង2.1លាននាក់ និងមានឥណទានសរុប ជាង30 ទ្រីលានរៀល (7.4ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង2.8លាននាក់ និងមានប្រាក់បញ្ញើសរុបជាង 15ទ្រីលានរៀល (3.7ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបនិងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ1,448 កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ 36,089 នាក់ នៅទូទាំងប្រទេស៕

Advertisement